ប្រទះឃើញសត្វត្មាតភ្លើង៣ក្បាល នៅអាហារដ្ឋានត្មាត ក្នុងដែនជម្រកសត្វព្រៃសំបូរ
(ភ្នំពេញ)៖ត្មាតភ្លើង គឺជាឈ្មោះបក្សីមួយប្រភេទ មានដងខ្លួនពណ៌ខ្មៅ ក្បាល និងជើងក្រហម ភ្លៅមានរោមពណ៌ស និងមានឆ្នូតស តាមបណ្ដោយកណ្ដាលស្លាប។ ចំពោះត្មាតភ្លើង មានកម្ពស់ចាប់ពី ៧៦សង់ទីម៉ែត្រទៅ ៨៦សង់ទីម៉ែត្រ ។ សត្វត្មាតប្រភេទនេះដែរត្រូវបានប្រជាជពលរដ្ឋចាត់ទុកជាមេត្មាត ឬហៅថាស្តេចត្មាត ក្នុងចំណោមប្រភេទត្មាតទាំងអស់នៅកម្ពុជា។
អង្គការ WWF-កម្ពុជាបានឱ្យដឹងនៅថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះថា៖គេបានប្រទះឃើញសត្វត្មាតភ្លើងចំនួន ៣ ក្បាល រួមទាំងញី ២ ក្បាល បានចុះទៅស៊ីចំណីនៅអាហារដ្ឋានត្មាតដែលរៀបចំដោយ ក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្ត ក្រចេះកាលពីថ្មីៗកន្លងមកនេះ។
ត្មាតភ្លើង គឺជាសត្វត្មាតមួយប្រភេទក្នុងចំណោមសត្វត្មាតជិតផុតពូជចំនួនបីដែលកំពុងតែមានវត្តមានរស់នៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាម៉ិញ ចំនួនរបស់ពួកគេបានធ្លាក់ចុះនៅទូទាំងអាស៊ីអាគ្នេយ៍ ខណៈដែលពួកគេប្រឈមមុខនឹងការពុល និងការបរបាញ់។
តើអ្នកធ្លាប់លឺពាក្យថា «អាហារដ្ឋានត្មាតដែរឬទេ?» នៅទីនេះ គឺគេបានដាក់សត្វដែលងាប់ធ្វើជាចំណីដល់សត្វត្មាតជាអាហារដែលមានសុវត្ថិភាព។ សូមចូលរូួម ជួយការពារចំនួនសត្វត្មាតដែលនៅសេសសល់ និងតើអ្នកអាចប្រាប់បានទេថា នៅក្នុងតំបន់របស់អ្នកមានចំនួនសត្វត្មាតប៉ុន្មាន?
គួរបញ្ជាក់ថាសត្វត្មាតនៅកម្ពុជាមានបីប្រភេទដូចជាត្មាតភ្លើង ត្មាតត្នោត និងត្មាតប្រផេះ ៕
ដោយ ៖ ម៉ាដេប៉ូ