ថៃបង្ហោះគោមរាប់ពាន់ប្រារព្ធបុណ្យព្រះច័ន្ទពេញវង់
បរទេស៖ ចង្កៀងគោមរាប់ពាន់ត្រូវបានបង្ហោះ និងបំភ្លឺ លើផ្ទៃមេឃ នៃតំបន់ទេសចរណ៍ថៃ ឈៀងម៉ៃ ខណៈតំបន់ភាគខាងជើងមួយនេះ ប្រារព្ធពិធីបុណ្យព្រះច័ន្ទពេញវង់ តាមបែបប្រពៃណី ឈ្មោះថា Yi Peng កាលពីថ្ងៃសុក្រ។
អ្នកទេសចរជនជាតិអាល្លឺម៉ង់ម្នាក់និយាយថា «ការបញ្ចេញគោមព្រមគ្នា ពិតជាស្រស់ស្អាតខ្លាំងណាស់»។ ប្រជាជនជឿថា ការបង្ហោះចង្កៀងគោមនឹងកម្ចាត់សំណាងអាក្រក់ចេញពីជីវិត នៅពេលដែលរដូវវស្សាបានបញ្ចប់។
កាសែត The Nation បានចេញផ្សាយថា ពិធីបុណ្យ Yi Peng រួមជាមួយនឹងកម្មវិធីបុណ្យផ្សេងៗ ក្រៅពីបង្ហោះគោម តែងតែត្រូវបានប្រារព្ធឡើង ជាប្រពៃណី ផ្តល់ឱកាសឱ្យអ្នកទស្សនា រួមទាំង ទេសចរ រីករាយជាមួយនឹងការតាំងបង្ហាញ ដ៏វិសេសវិសាលនៃសិល្បៈ និងបេតិកភណ្ឌវប្បធម៌ពិសេស របស់ខេត្ត ឈៀងម៉ៃ ភាគខាងជើង ប្រទេសមួយនេះ ហើយដែលគេស្គាល់ថា ជាចំណុចលេចធ្លោ នៃការទាក់ទាញទេសចរណ៍ ក្នុងតំបន់។
ដោយសង្កត់ធ្ងន់លើសុវត្ថិភាព ព្រឹត្តិការណ៍នេះបានអញ្ជើញអ្នកស្រុក និងអ្នកទេសចរ មកទទួលយកភាពស្រស់ស្អាត និងប្រពៃណីដ៏សម្បូរបែប នៃវប្បធម៌ ដែលប្រារព្ធឡើង ក្រោមប្រធានបទ «ភាពទាក់ទាញរបស់ស្រុក Mae Rim, ពន្លឺសិល្បៈ និងទឹកដីវប្បធម៌» ហើយត្រូវបានគេរំពឹងថា នឹងរកចំណូលបានជាងមួយពាន់លានបាត ក្នុងសកម្មភាពសេដ្ឋកិច្ច ជួយស្តារឡើងវិញ ពីទឹកជំនន់ធ្ងន់ធ្ងរ នាពេលថ្មីៗនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត