ព្យុះទី៦! ប្រជាជនហ្វីលីពីន ២៥ម៉ឺននាក់ភៀសខ្លួនបន្ទាន់
បរទេស៖ អាជ្ញាធរហ្វីលីពីនបាននិយាយ កាលពីថ្ងៃសុក្រថា មនុស្សប្រហែល ២៥ម៉ឺន៥ពាន់នាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងតំបន់ ដែលងាយរងគ្រោះ ពីការបាក់ដី, ទឹកជំនន់ ដែលអាចបង្កឡើង ពីព្យុះទី៦ ដ៏កំណាច។
ព្យុះទីហ្វុង Man-yi កាន់តែខិតជិត ទៅដល់ប្រទេសហ្វីលីពីន ខណៈដែលប្រជាជនបានជម្លៀស ទៅកាន់ទីជម្រក នៅតំបន់ Bicol ដោយក្រុមអ្នកព្យាករណ៍បានចង្អុលបង្ហាញថា ព្យុះ Man-yi នឹងកាន់តែមានអំណាចខ្លាំង។
Man-yi នឹងក្លាយជាព្យុះទី៦ដ៏ធំ ដែលវាយលុកប្រទេសហ្វីលីពីន តាំងពីខែមុន ដោយព្យុះថ្មីៗនេះ បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៦៣នាក់ ហើយបានធ្វើឱ្យមនុស្សរាប់ពាន់នាក់ គ្មានផ្ទះសម្បែង ជាមួយនឹងការបំផ្លិចបំផ្លាញផលដំណាំ និងសត្វចិញ្ចឹម យ៉ាងច្រើនសន្ធឹកសន្ធាប់ រួចមកហើយ។
ជាមួយនឹងខ្យល់បក់បោកខ្លាំង រហូតដល់ល្បឿន ២១៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង ព្យុះសង្ឃរា Man-yi កំពុងស្ថិតនៅលើផ្លូវ វាយលុកចូល ទៅក្នុងខេត្តនៃកោះ Catanduanes ដែលមានប្រជាជនតិច នៅថ្ងៃសៅរ៍នេះ ឬនៅព្រឹកថ្ងៃអាទិត្យ។
អាជ្ញាធរហ្វីលីពីនបានបញ្ជាឱ្យនាវា លើសមុទ្រទាំងអស់ ត្រឡប់ទៅច្រាំងវិញជាបន្ទាន់ និងជំរុញដល់ប្រជាជន នៅក្នុងសហគមន៍ឆ្នេរសមុទ្រ ឱ្យចាកចេញពីផ្ទះសម្បែង៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត



