ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ និង លោក ជំទាវ កាន់ ចន្ទ្រា អបអរសាទរ ទូក ង ទៀ វិញ នាគសែនជ័យ រស្មីចន្រ្ទា ទទួលបានជ័យជម្នះក្នុងថ្ងៃប្រណាំងទី២នៃព្រះរាជធិពីបុណ្យអុំទូក
ភ្នំពេញ៖ បន្ទាប់ពីទទួលបាននូវតំណឹងស្តីអំពីលទ្ធផលទូក ង ទៀ វិញ នាគសែនជ័យ រស្មីចន្រ្ទា ទទួលបានជម្នះលើគូប្រជែងទាំងពីរជើង ក្នុងការប្រណាំងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអុកអំបុក នាល្ងាចថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្ថម នាវី ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិ មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និង លោក ជំទាវ កាន់ ចន្ទ្រា បានសម្តែងការអបអរសាទរ ព្រមទាំងបានអញ្ជើញមកសួរសុខទុក្ខ និងលើកទឹកចិត្តដោយផ្ទាល់ នៅកន្លែងស្នាក់នៅរបស់កីឡាករ។

នាឱកាសសួសុខទុកនោះ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ និង លោក ជំទាវ កាន់ ចន្ទ្រា បានកោតសសើរនូវការខិតខំប្រឹងប្រែងរបស់កីឡាករ និងគ្រូបង្វឹក ដែលបានសហការគ្នាធ្វើបានល្អ យកឈ្នះលើគូប្រជែងទាំងពីជើង។ លោកទាំងពីរ បានជម្រុញលើកទឹកចិត្ត ឱ្យកីឡាករខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីយកជម្នះនៅការប្រណាំងថ្ងៃទី៣ ដែលជាការប្រណាំងថ្ងៃផ្តាច់ព្រ័ត្រ នាំយកជ័យជម្នះជូនអង្គភាពនិងស្ថាប័នកងទ័ពជើងទឹកទាំងមូល។ នាយឧត្តមនាវី ទៀ វិញ និង លោក ជំទាវ កាន់ ចន្ទ្រា បានផ្តាំផ្ញើរដល់កីឡាករសូមរក្សានូវសាមគ្គីភាព មិត្តភាពនៅក្នុងក្រុមឱ្យបានល្អ ព្រោះការរួបរួមជាធ្លុងតែមួយនិងជួយឱ្យក្រុមទទួលបាននូវជោគជ័យ បើបែកបាក់សាមគ្គីភាព ធ្វើឱ្យក្រុមនិងទទួលបរាជ័យជាក់ជាមិនខាន។ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ និង លោក ជំទាវ កាន់ ចន្ទ្រា ក៏បានជូនពរ ដល់កីឡាករនិងគ្រូបង្វឹក សូមឱ្យជោគជ័យ សម្រាប់ការប្រណាំងថ្ងៃផ្តាច់ព្រ័ត្រ នាំយកកិត្តិយសភាពល្បីល្បាញជូនបញ្ជាការរដ្ឋានកងទ័ពជើងទឹក។
លោក ជា សាវ៉ុន អ្នកកាន់ក្បាល ទូក ង ទៀ វិញ នាគសែនជ័យ រស្មីចន្រ្ទា បានលើកឡើងថា អ្វីដែលជម្រុញឱ្យទូកទទួលបានជ័យជម្នះលើគូប្រជែងទាំងពីរជើងក្នុងថ្ងៃប្រណាំងទី២នេះ ដោយសារតែកីឡាករនៅក្នុងក្រុមទាំងមូលមានកម្លាំងសាមគ្គីស្រុះគ្នាល្អ ដោយសារតែកីឡាករទ័ពជើងទឹកទទួលបានការបំពាក់បំប៉នហ្វឹកហាត់បានយ៉ាងល្អ ហើយ អ្វីដែលកាន់តែពិសេសនោះ គឺទទួលបានការយកចិត្តទុកដាក់ទំនុកបំរ៉ុងលើការហូបចុកស្នាក់នៅរបស់កីឡារបានយ៉ាងល្អ ធ្វើឱ្យកីឡាករមានកម្លាំងនិងទឹកប្រឹងប្រែងប្រណាំង ដើម្បីមុខមាត់អង្គភាព។

សម្រាប់ការប្រណាំងរយៈពេល២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអុកអំបុក ទូក ង ទៀ វិញ នាគសែនជ័យ រស្មីចន្រ្ទា ថ្ងៃទី១ ប្រណាំងជាមួយទូក ង ជំទាវក្លាហានសម័យតេជោ ឈ្នះមួយនិងចាញ់មួយ និងថ្ងៃទី២ ឈ្នះប៉ះទូក ង មហាជាតិបុត្រ ទូក ង ខេត្តកណ្តាលឈ្នះ ទាំងពីរជើង ។
សូមបញ្ជាក់ថា ទូក ង ទៀ វិញ នាគសែនជ័យ រស្មីចន្ទ្រា ជាទូករបស់បញ្ជាការរដ្ឋានកងទ័ពជើងទឹក រាល់ការហ្វឹកហាត់ និងចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក គឺទទួលបានការឧបត្ថម្ភ ឯកឧត្តម នាយឧត្តម នាវី ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិ មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និង លោក ជំទាវ ទៀ លក្ខិណា៕







ថត ដោយ ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ