មកស្គាល់លេខាធិការសារព័ត៌មានសេតវិមាន Trump ជាស្ត្រី វ័យ២៧ឆ្នាំ
បរទេស៖ លោក ប្រធានាធិបតីទើបជាប់ឆ្នោត Donald Trump បានសម្រេចតែងតាំងនាង Karoline Leavitt អាយុ ២៧ឆ្នាំ ជាលេខាធិការសារព័ត៌មាន ប្រចាំនៅសេតវិមាន ក្រោមរដ្ឋបាលថ្មី របស់លោក។
តាមរយៈសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសុក្រ លោក Donald Trump បានប្រកាសថា «មានភាពឆ្លាតវៃ ស្វិតស្វាញ និងបានបង្ហាញឱ្យឃើញថា ជាអ្នកប្រាស្រ័យទាក់ទង ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ខ្ញុំមានទំនុកចិត្តបំផុតថា នាងនឹងពូកែ នៅលើវេទិកា ហើយជួយបញ្ជូនសាររបស់យើង ទៅកាន់ប្រជាជនអាមេរិក»។
នាង Leavitt នឹងក្លាយជាមនុស្ស វ័យក្មេងបំផុតម្នាក់ ដែលកាន់តំណែងសំខាន់មួយនេះ ដោយដើរតួតំណាងសេតវិមាន និងទទួលសំណួរនានា ពីប្រព័ន្ធផ្សព្វផ្សាយ។
នាង Leavitt ធ្លាប់បានដើរតួជាលេខាធិការសារព័ត៌មានជាតិ សម្រាប់លោក Trump ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។ នាងធ្លាប់ធ្វើជាជំនួយការលេខាធិការសារព័ត៌មាន សម្រាប់លោក Trump ក្នុងអំឡុងពេលអាណត្តិដំបូង របស់លោក ប៉ុន្តែ នាងមិនជោគជ័យឈរឈ្មោះតំណាងអាសនៈ ក្នុងសភា តំណាងមកពីរដ្ឋ New Hampshire ដែលជាស្រុកកំណើតរបស់នាង ក្នុងឆ្នាំ២០២២។
នាងក៏ធ្លាប់បានធ្វើការ ជានាយកទំនាក់ទំនង សម្រាប់សមាជិកសភា លោកស្រី Elise Stefanik ដែលលោក Trump បានតែងតាំង ជាឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ។
នាងបានប្រាប់ទូរទស្សន៍ Fox News ថា «ខ្ញុំមិនបានធំឡើង នៅក្នុងគ្រួសារនយោបាយទេ។ ខ្ញុំធំធាត់ ដូចជនជាតិអាមេរិកភាគច្រើន នៅក្នុងគ្រួសារអ្នកជំនួញ ថ្នាក់កណ្តាល ក្នុងរដ្ឋ New Hampshire ស្រុកកំណើតរបស់ខ្ញុំ..ខ្ញុំទើបតែចូលប្រឡូក ក្នុងនយោបាយ នៅមហាវិទ្យាល័យ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត