២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកដំណើរការដោយរលូន ខណៈសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ
(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ក្នុងរយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក បានដឹកនាំបញ្ជាកម្លាំងដោយផ្ទាល់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងព្រះរាជពិធី ។
បើតាមមន្ត្រីនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រយៈពេល ២ថ្ងៃកន្លងទៅនេះ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ដោយមានកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ពីគណៈបញ្ជាការការពារស្របតាមផែនការដែលបានដាក់ចេញ។
ជាមួយនេះ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក ក្រុមគ្រូពេទ្យប្រចាំការនៅតាមគោលដៅ បានសង្រ្គោះបឋមដល់អ្នកដែលមានបញ្ហាសុខភាពសរុបចំនួន ៣,៨៨៦នាក់ (ស្រី៩៨៤នាក់) និងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យចំនួន២នាក់។
បើតាមរបាយការណ៍ស្ដីពីសភាពការណ៍សន្ដិសុខ សណ្តាប់ធ្នាប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក កម្លាំងការពារគោលដៅ បានរកឃើញករណីវង្វេងសាច់ញាតិ ៣៤នាក់ ដោយបានផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិមកទទួលយកទៅវិញ ២៥នាក់ និងកំពុងបន្តស្វែងរកសាច់ញាតិចំនួន៩នាក់ទៀត។ ដោយឡែក សភាពការណ៍គ្រោះថ្នាក់ផ្សេងៗ មានករណីលិចទូក ៦លើក ស្មើ ៦ទូក (ពុំមានគ្រោះថ្នាក់ដល់អាយុជិវិតឡើយ)។
សូមជម្រាបថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ ១រោច ខែកត្តិក នៅតាមទន្លេសាប ហើយសម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្រៅពីការទស្សនាការប្រណាំងទូកង នៅមាត់ទន្លេ ប្រជាពលរដ្ឋ ក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ ៕










ដោយ ៖ វណ្ណលុក