បុណ្យអុំទូកឆ្នាំ២០២៤ ខេត្តសៀមរាបបិទបញ្ចប់ជាមួយទិដ្ឋភាពសប្បាយរីករាយនិងភ្ញៀវចម្រុះជាតិសាសន៍ជាង២៧ម៉ឺននាក់
សៀមរាប៖ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤ ដែលរៀបចំដោយរដ្ឋបាលខេត្តសៀមរាបសហការជាមួយដៃគូសំខាន់ៗបានបិទបញ្ចប់នារាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីដំណើរនាដងស្ទឹងសៀមរាបចំនួនពីរថ្ងៃ ។ជាជោគជ័យដ៏ធំ ព្រឹត្តិការណ៍បានបញ្ចប់ដោយរលូនជាមួយនឹងតួលេខបឋមបង្ហាញថា មានភ្ញៀវទេសចរជិតឆ្ងាយប្រមាណជាង២៧ម៉ឺននាក់បានចូលរួមទស្សនា និងធ្វើដំណើរកម្សាន្តគ្រប់ច្រកល្ហក។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាបបានប្រារព្វនៅដងស្ទឹងសៀមរាបរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ និង១៥ ខែវិច្ឆិកា។ក្នុងពិធីបិទបញ្ចប់កាលពីរាត្រីថ្ងៃទី១៥ ខែវិច្ឆិកាប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងភ្ញៀវកិត្តិយសអ្នកមុខអ្នកការជាច្រើន ។
ប្រការគួរសម្គាល់បំផុតពិធីបុណ្យអុំទូកខេត្តសៀមរាបឆ្នាំនេះ មានការតុបតែងលំអ និងរៀបចំពិព័រណ៍បង្ហាញផលិតផលយ៉ាងច្រើន
គួរជាទីគយគន់ និងទាក់ទាញ ។ ភ្ញៀវទេសចរជាតិឆ្ងាយចម្រុះជាតិសាសន៍ បានចូលរួមទស្សនានិងធ្វើដំណើរកម្សាន្តនៅទីកន្លែង
សំខាន់ៗក្នុងខេត្ត ។ពិសេសពេលរាត្រីមនុស្សម្នាបានកកកុញ នៅតំបន់ប្រារព្ធពិធី និងតំបន់ផាប់ស្រ្ទីត ផ្សាររាត្រីជាដើម។
ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ក្នុងរយៈពេលពីរថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូ កមានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកចូលរួមកម្សាន្តប្រមាណជាង ២៧ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន ៨ ៩៨២នាក់ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ កើនឡើង ១៣,១ភាគរយ ។ ដោយឡែកការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈល្អប្រសើរ គ្មានការប៉ះទង្គិចដោយអំពើហិង្សា អំពើឆក់ ប្លន់ និងបាតុភាព អវិជ្ជមានផ្សេងៗទៀត។
ឯកឧត្តម លី សំរិទ្ធ ក៏បានកត់សម្គាល់ផងដែរពីស្ថានភាពអនាម័យបរិស្ថាន ក៏មានសភាពល្អប្រសើរជាងពេលមុនៗ ដោយនៅទីសាធារណៈ និងជុំវិញទីតាំងប្រារព្ធពិធី ក៏ដូចជាតាមបណ្តោយស្ទឹងសៀមរាប មានការថយចុះនូវការបោះចោលសំរាម និងកាកសំណល់ផ្សេងៗ៕
អត្ថបទ៖ ប៊ុន រដ្ឋា







