ពលរដ្ឋតាមទីជនបទសម្រុកចូលទស្សនាពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ខណៈពិធីបុណ្យដូនតាខ្មែរមួយនេះ នៅតែពេញនិយម
(ភ្នំពេញ)៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ ដែលត្រូវបានគេប្រារព្ធធ្វើឡើង តាំងតែពី បុរាណកាល មកម្ល៉េះ គឺក្នុងគោលបំណង រំលឹកគុណដល់វីរៈភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ។ តាមរយៈបុណ្យប្រពៃណីដ៏ធំមួយនេះ នៅតែមានប្រជាប្រិយភាព ក្នុងចំណោមប្រជាពលរដ្ឋខ្មែររហូតមកដល់ពេលបច្ចុប្បន្ន។
ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ គឺជាពិធីជួបជុំកម្សាន្តនៃការប្រណាំងទូកដ៏ធំមួយរបស់ដូនតាខ្មែរតាំងតែពីបុរាណកាលមក ។ ពិធីបុណ្យប្រពៃណី បុរាណមួយនេះក៏ជាពិធីដ៏សំខាន់មួយផងដែររបស់ពលរដ្ឋខ្មែរមកទស្សនាការប្រណាំងទូកនៅរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តដទៃទៀតដែលមានរៀបចំកម្មវិធីនេះឡើង ។
ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែនាឆ្នាំ២០២៤នេះដែរ ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃពោលគឺ ចាប់ពីថ្ងៃទី១៤ ទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដូចសព្វមួយដង ពលរដ្ឋ រយៈពេល ៣ថ្ងៃនេះ បានសម្រុកមកកម្សាន្តក្នុង រាជធានី ភ្នំពេញ យ៉ាងច្រើន ដោយក្នុងនេះសាលារាជថានីភ្នំពេញបានឱ្យដឹងថានៅថ្ងៃទី១មានពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសចូលមកកម្សាន្តជាង ១លាន ១សែននាក់ ។ សម្រាប់ថ្ងៃទី២ ពិធីបុណ្យ អុំទូក ប្រជាពលរដ្ឋ និង អ្នកទេសចរ បរទេស ចូលរួមលេងកំសាន្ដ ជាង ២លាន ២ សែននាក់ កើនលើស ថ្ងៃទីមួយ ពាក់កណ្តាល។
ទាក់ទិនក្នុងរឿងនេះ លោក ឆេង ពៅ រស់នៅ ខេត្តស្វាយរៀង ដែលបាននាំក្រុមគ្រួសារ មកដើរកម្សាន្ត ក្នុងពិធីបុណ្យអុំទូកបានឱ្យដឹងថា៖ពិធីបុណ្យអុំទូកជាពិធីបុណ្យដ៏ធំមួយរបស់ប្រពៃណីខ្មែរ ហេតុនេះលោកតែងនាំប្រពន្ធកូនដើរកម្សាន្តមិនសូវដែលខាន។ការមកភ្នំពេញនេះក្រៅអំពីមើល ពិធីបុណ្យអុំទូកហើយ លោក នៅដើរកម្សាន្តមើលការប្រគុំតន្រ្តី ទិញទំនិញតាមស្តង់នានាដើម្បីយកត្រឡប់ទៅផ្ទះវិញ។
បុរសវ័យជាង ៦០ឆ្នាំ រូបនេះ បានប្រាប់ថា ”ពិធីបុណ្យអុំទូកខ្មែរយើងគឺជាទូទៅមិនថាសម័យនេះឬសម័យបុរាណទេគឺតែងតែនាំគ្នាទៅទស្សនា។ការទស្សនាទូកប្រណាំង ទោះមិនមានអ្វីច្រើនពិតមែនតែម្នាក់ៗតែងចូលចិត្តចូលរួមពិសេសបើស្រុកភូមិ របស់ខ្លួន មានទូកមកប្រណាំងផងគឺម្នាក់ៗចង់មកទស្សនាដោយផ្ទាល់ណាស់”។
យុវជន នាត មកពីខេត្តកំពង់ចាមដែលបាននាំមិត្តភក្តិមកកម្សាន្តការប្រណាំងទូកនៅរាជធានីភ្នំពេញបានឱ្យដឹងថាការមកកម្សាន្តពិធីបុណ្យអុំទូកសប្បាយណាស់ ពីព្រោះថាមានមនុស្សអ៊ូអរ និងរូបលោកតែងឆ្លៀតមកកម្សាន្តដើម្បីបានមើលការប្រណាំងតែម្តង។បុណ្យអុំទូកមួយឆ្នាំមានម្តង ហេតុនេះលោកតែងនាំមិត្តភក្តិ និងក្រុមគ្រួសារមកកម្សាន្តសប្បាយមិវសូវដែលខានទេ។
យុវជនរូបនេះបានប្រាប់ដែរថា”ខ្ញុំមកកម្សាន្តពិធីបុណ្យអុំទូក៣ទៅ ៤ដងហើយ ។ សម្រាប់ឆ្នាំនេះហាក់មានការចម្លែកច្រើន ដោយសារ ការតុបតែង និងការរៀបចំបានស្អាតល្អ ធ្វើឱ្យបរិយាកាសដើរកម្សាន្តសប្បាយរីករាយ។ ក្រៅពីបានមើលការប្រណាំងទូកហើយ ពួកខ្ញុំក៏បានកម្សាន្តប្លែកៗជាច្រើនទៀតមិនថាប្រទីប ប្រដាល់គុណខ្មែរ ប្រគុំតន្រ្តីជាដើម”។
កញ្ញា ផានី តា មកពីខេត្តកំពង់ឆ្នាំង បានប្រាប់ថាពិធីបុណ្យអុំទូកនាឆ្នាំនេះសប្បាយលើសឆ្នាំមុនៗ ពីព្រោះមានមនុស្ស អ៊ូអរ ។ អ្វីដែលកាន់តែពិសេសគឺកញ្ញាមិនមិត្តភក្តិបានទិញអាហារឆ្ងាញ់ៗដែលចូលចិត្ត ដើម្បីបានបរិភោគរួមគ្នា។
អ្នកស្រី សៀង នីស្រ្តីមួយរូបទៀតដែលមកកម្សាន្តពិធីបុណ្យ អុំទូកនេះដែរបានឱ្យដឹងថា អ្នកស្រីបាននាំបងប្អូមកកម្សាន្តពិធីបុណ្យអុំទូកឆ្នាំនេះពិតជារីករាយខ្លាំងណាស់ ព្រោះមានមនុស្សច្រើនកុះករ ហើយងាកទៅខាងណាក៏មានតែមនុស្សក្នុងនេះមានទាំងជនជាតិបរទេស ក៏ដូចជាពលរដ្ឋខ្មែរផងដែរ។
ស្រ្តីរូបនេះបានប្រាប់ថាពិធីបុណ្យអុំទូក ក៏ដូចជាពិធីបុណ្យផ្សេងៗទៀតរបស់ខ្មែរដែរគឺពលរដ្ឋមិនដែលចោលទេ តែងនាំគ្នាចូលរួម និងអបអរជានិច្ច។បុណ្យប្រពៃណីមួយនេះគួរឱ្យសប្បាយរីករាយ និងស្រឡាញ់ចូលចិត្តពីសំណាក់ជនជាតិខ្មែរមិនថាទីជិតឆ្ងាយឡើយ។
ដោយឡែក លោកស្រី ដោ សម្ផស្ស នាយិការង រដ្ឋបាល និង ជា អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ទូរទស្សន៍អប្សរាឱ្យដឹងថា៖កំណើនប្រជាពលរដ្ឋមកពីតាមទីជនបទមកកម្សាន្តនៅរាជធានីភ្នំពេញច្រើនចាប់ពីថ្ងៃទី បុណ្យអុំទូកថ្ងៃទី២ និងថ្ងៃទី៣ដែលជាថ្ងៃចុងក្រោយនេះ។សម្រាប់ភ្ញៀវទេសចរបរទេសនាឆ្នាំនេះក៏មានកំណើនច្រើនជាងឆ្នាំកន្លងមកផងដែរ។
គួរបញ្ជាក់ថា ពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងដើម្បីជាការរំលឹកគុណចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ពីឆ្នាំ១១៧៧ ដល់ឆ្នាំ១១៨១ មក។ក្នុងឆ្នាំនេះដែរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ហេងសម្បត្តិ