សម្តេចតេជោ ហ៊ុន សែន៖ការប្រារព្ធពិធីបុណ្យជាតិដ៏ធំប្រចាំឆ្នាំបែបនេះអាចធ្វើទៅបាន គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ
ភ្នំពេញ៖លើបណ្តាញសង្គមផ្លូវការ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះសារដែលមានខ្លឹមសារថា នៅព្រឹកថ្ងៃទី១៦ វិច្ឆិកានេះ គឺជាថ្ងៃទី៣ ហើយជាថ្ងៃចុងក្រោយ នៃព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំ២០២៤ ។រយៈពេល២ថ្ងៃនៃព្រះរាជពិធីនេះ មានកីឡាករអំទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តការប្រណាំងទូកងនៅមាត់ទន្លេមុខព្រះបរមរាជវាំង ។ការដើរទិញទំនិញតាមស្តង់តាំងពិព័រណ៍ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ នៅតាមសួនសាធារណៈផងដែរ ប្រកបដោយភាពសប្បាយរីករាយ។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ការប្រារព្ធពិធីបុណ្យជាតិដ៏ធំប្រចាំឆ្នាំបែបនេះអាចធ្វើទៅបាន គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ។ សម្តេចក៏បានសូមជូនពរបងប្អូន កីឡាករអុំទូក ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ទទួលបានភាពសប្បាយរីករាយ និង សុខសុវត្ថិភាព ក្នុងការវិលត្រឡប់ទៅកាន់ភូមិកំណើតវិញ។
ដោយឡែកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានសរសេរថា រយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងមក បានប្រព្រឹត្តទៅដោយរលូន ជាមួយសុខសុវត្ថិភាព និងភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវបរទេស ។
សូមលោកតាលោកយាយ អ៊ំពូមីង បងប្អូនព្រមទាំងក្មួយៗទាំងអស់ រីករាយជាមួយកម្រងរូបភាព នាថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយអនុស្សាវរីយ៍ល្អៗក្នុងមហាគ្រួសារខ្មែរ ក្រោមម្លប់នៃសុខសន្តិភាព ។
សូមជម្រាបថា តាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា រយៈពេលពីរថ្ងៃនៃពិធីបុណ្យអុំទូក ថ្ងៃទី១៤និងទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ទូទាំងប្រទេសមានទេសចរជាតិធ្វើដំណើរកម្សាន្តជាង៤,២លាននាក់ ក្នុងនោះជាង៣លាននាក់នៅរាជធានីភ្នំពេញនិងភ្ញៀវអន្តរជាតិជិត៦ម៉ឺននាក់ ក្នុងនោះនៅភ្នំពេញជាង៣ម៉ឺននាក់ ធៀបនឹងឆ្នាំ២០២៣រយៈពេលដូចគ្នាមានជាង៣,៦លាននាក់(បរទេសជាង៤ម៉ឺននាក់)៕
ដោយ៖ពលជ័យ