ជប៉ុន ៖ ទ័ពកូរ៉េខាងជើងក្នុងសង្រ្គាមអ៊ុយក្រែន ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខអាស៊ីបូព៌ា

បរទេស ៖ លោក Takeshi Iwaya រដ្ឋមន្ត្រីការបរទេសជប៉ុនបានព្រមាន កាលពីថ្ងៃសៅរ៍ថា ទាហានកូរ៉េខាងជើង ដែលចូលមកក្នុងជម្លោះអ៊ុយក្រែន នឹងប៉ះពាល់ «យ៉ាងខ្លាំង» ដល់សន្តិសុខនៅអាស៊ីខាងកើត ឬ អាស៊ីបូព៌ា។

លោក Takeshi Iwaya ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីមានរបាយការណ៍ ជាច្រើនសប្តាហ៍ ដែលបានចង្អុលបង្ហាញថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនទាហានរាប់ពាន់នាក់ ទៅកាន់ប្រទេសរុស្ស៊ី ដោយលោកខាងលិច និងអ៊ុយក្រែន បាននិយាយថា ទាហានកូរ៉េខាងជើងកំពុងធ្វើប្រតិបត្តិការរួចហើយ នៅក្នុងតំបន់ព្រំដែន Kursk របស់រុស្ស៊ី។

ជប៉ុនបានចូលរួមជាមួយទីក្រុងសេអ៊ូល ក្នុងការថ្កោលទោសកូរ៉េខាងជើង ចំពោះការគាំទ្រក្រុងម៉ូស្គូ បែបនេះ។ លោក Iwaya បាននិយាយថា «នេះនឹងមិនត្រឹមតែ ធ្វើឱ្យកាន់តែស៊ីជម្រៅ នូវភាពធ្ងន់ធ្ងរ នៃស្ថានភាពអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែ វាក៏មានផលប៉ះពាល់យ៉ាងខ្លាំង ចំពោះស្ថានភាពសន្តិសុខ នៅអាស៊ីខាងកើតផងដែរ»។

លោកបន្តថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវិវឌ្ឍនេះ ហើយថ្កោលទោស យ៉ាងខ្លាំង»។ លោកបាននិយាយទៀតថា «ជំហររបស់យើង នៅតែមិនផ្លាស់ប្តូរ ដោយជប៉ុន នឹងឈរក្បែរអ៊ុយក្រែន ជានិច្ច»។

លោក រដ្ឋមន្ត្រីការបរទេសជប៉ុនរូបនេះ ក៏បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្នុងអំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់អ៊ុយក្រែន ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner