អាកាសចរណ៍អាមេរិកសង្ស័យគ្រាប់កាំភ្លើងបាញ់លើយន្តហោះដឹកអ្នកដំណើរនៅរដ្ឋ Texas
បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Southwest Airlines បាននិយាយថា យន្តហោះមួយគ្រឿង របស់ខ្លួនទំនងជាត្រូវបានរងការបាញ់ប្រហារ ដោយគ្រាប់កាំភ្លើង ខណៈពេលដែលយន្តហោះ កំពុងរៀបចំខ្លួន សម្រាប់ហោះឡើង នៅឯអាកាសយានដ្ឋាន ស្ថិតក្នុងទីក្រុង Dallas រដ្ឋ Texas សហរដ្ឋអាមេរិក។
ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះ Boeing 737-800 មួយគ្រឿងនេះ មានសុវត្ថិភាព បន្ទាប់ពីមានគ្រាប់កាំភ្លើង បានបាញ់ប្រហារ នៅផ្នែកខាងស្តាំនៃយន្តហោះ ពោលគឺនៅក្រោមដំបូល យន្តហោះ។
ក្រុមហ៊ុនអាកាសចរណ៍បានបន្ថែមថា មិនមាននរណាម្នាក់រងរបួសទេ ហើយយន្តហោះត្រូវបានដកចេញពីសេវាកម្មហោះហើរ។ ឧបទ្ទវហេតុនេះបានកើតឡើង នៅម៉ោងប្រហែល ៨.៣០យប់ ថ្ងៃសៅរ៍។ ជើងហោះត្រូវ ធ្វើដំណើរ ចេញពីទីក្រុង Dallas រដ្ឋ Texas ទៅកាន់ទីក្រុង Indianapolis នៃរដ្ឋ Indiana ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បាននិយាយថា ជើងហោះហើរ Flight 2494 នៅពេលកំពុងត្រៀមហោះឡើង ក៏ត្រូវបានផ្តល់សេចក្តីរាយការណ៍មកថា មានការវាយប្រហារដោយគ្រាប់កាំភ្លើង នៅជិតកាប៊ីនយន្ដហោះ។ យន្តហោះបានត្រឡប់ទៅច្រកទ្វារវិញ ដើម្បីផ្តល់ឱកាសឲ្យអ្នកដំណើរ បានចុះចេញ ពីលើយន្តហោះ ដោយសុវត្ថិភាព។
ហេតុការណ៍នេះ បានកើតឡើង នៅក្រោយរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយន្តហោះពាណិជ្ជកម្ម ពីរគ្រឿង ត្រូវបានបាញ់ប្រហារ ដោយគ្រាប់កាំភ្លើង នៅរដ្ឋធានីនៃប្រទេសហៃទី ជាហេតុនាំឲ្យអាមេរិកផ្អាកការហោះហើរ ទៅទីនោះ បណ្តោះអាសន្នទៀតផង៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត