ព្យុះទីហ្វុង Man-yi រំលំដើមឈើធំៗ កាត់ផ្តាច់ខ្សែភ្លើង នៅប្រទេសហ្វីលីពីន
បរទេស៖ ព្យុះទីហ្វុងដ៏ខ្លាំង Man-yi បានផ្តួលរំលំដើមឈើ, កាត់ផ្តាច់ខ្សែភ្លើង និងប៉ើងរបើកដំបូលផ្ទះ ខណៈដែលព្យុះត្រូវបានព្យាករណ៍ថា បោកបក់ ពាសពេញប្រទេសហ្វីលីពីន រហូតដល់ថ្ងៃអាទិត្យនេះ។
ព្យុះ Man-yi ជាមួយនឹងល្បឿនខ្យល់អតិបរមា ១៨៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង បានបោកបក់ធ្ងន់ធ្ងរ លើកោះ Catanduanes ដែលមានប្រជាជនតិចតួច កាលពីថ្ងៃសៅរ៍។ មនុស្សជាង ៦៥ម៉ឺននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ មុនពេលនៃការមកដល់នៃព្យុះ Man-yi ខណៈដែលសេវាអាកាសធាតុជាតិបានព្រមានពីផលប៉ះពាល់ «មហន្តរាយដែលអាចគំរាមកំហែងដល់អាយុជីវិត» ពីព្យុះនេះ។
ប្រធានប្រតិបត្តិការគ្រោះមហន្តរាយ នៅតំបន់ Catanduanes លោក Roberto Monterola បានប្រាប់ AFP នៅថ្ងៃអាទិត្យថា «មិនមានការរាយការណ៍ពីអ្នកស្លាប់ និងរបួសនោះទេ ប្រហែលជាដោយសារតែមនុស្សធ្វើតាម ការបញ្ជាឲ្យជម្លៀស»។ លោក Monterola បាននិយាយថា «ទីក្រុងទាំងអស់ទទួលរងការខូចខាត ប៉ុន្តែយើងរំពឹងថា ទីក្រុងទាំងនោះ នៅភាគខាងជើង នឹងមានបញ្ហាបន្ថែមទៀតចុះ» ។
ក្រុមអ្នកព្យាករណ៍បាននិយាយថា ព្យុះ Man-yi ត្រូវបានគេរំពឹងថានឹង «ចុះខ្សោយបន្តិច» មុនពេលវាយលុក តំបន់ Luzon ដែលជាកោះមានប្រជាជនច្រើនបំផុត និងជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន នៅរសៀលថ្ងៃអាទិត្យ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត