ទារកទើបនឹងកើត១០នាក់បានស្លាប់ ក្នុងអគ្គីភ័យនៅមន្ទីរពេទ្យឥណ្ឌា
បរទេស ៖ អាជ្ញាធរបាននិយាយ កាលពីថ្ងៃសៅរ៍ថា អគ្គីភ័យនៅមន្ទីរពេទ្យមួយ នៃប្រទេសឥណ្ឌា បានសម្លាប់ទារកទើបនឹងកើត ចំនួន១០នាក់ ប៉ុន្តែ ទារកចំនួន៣៩នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះពីអគ្គីភ័យ ដែលបណ្តាលមកពីម៉ាស៊ីនអុកស៊ីសែនដែលមានបញ្ហាបច្ចេកទេស។
ភ្លើងឆេះអគារ ជារឿងកើតឡើងជាញឹកញាប់ នៅក្នុងប្រទេសឥណ្ឌា ដោយសារតែកង្វះឧបករណ៍ពន្លត់អគ្គីភ័យ និងការមិនយកចិត្តទុកដាក់ចំពោះបទប្បញ្ញត្តិសុវត្ថិភាព។
អគ្គីភ័យចុងក្រោយនេះ បានឆាបឆេះ នៅម៉ោងប្រហែល ១០៖៣០ យប់ យប់ថ្ងៃសុក្រ នៅពេទ្យ Maharani Lakshmibai ក្នុងទីក្រុង Jhansi ចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី ញូវ ដែលី។
វេជ្ជបណ្ឌិត Narendra Sengar បានប្រាប់ AFP ថា «ជាអកុសល ទារកចំនួន ១០នាក់បានបាត់បង់ជីវិត ទោះបីជាមានការខិតខំប្រឹងប្រែងដ៏ល្អបំផុតរបស់យើងក៏ដោយ»។ លោកបាននិយាយថា ទារកចំនួន ៣៩នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ និងមានសុខភាពល្អ ដែលផ្ទុយពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមុនៗ ដែលចុះផ្សាយថា ១៦នាក់ បានរងរបួសធ្ងន់ធ្ងរ។
ស្នងការប៉ូលីស លោក Singh បាននិយាយថា ភ្លើងទំនងជាចាប់ផ្តើមឆេះ នៅក្នុងគ្រឿងម៉ាស៊ីនដែលប្រើដើម្បីបង្កើនកម្រិតអុកស៊ីសែន នៅក្នុងបរិយាកាស៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត