ក្រសួងបរិស្ថានផ្សព្វផ្សាយសៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ(COP1-COP29)

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញផ្សព្វផ្សាយសៀវភៅណែនាំ សន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគី នៃអនុសញ្ញាសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ចាប់ពីលើកទី១ ដល់លើកទី២៩ (COP1-COP29) ខណៈពេលពិភពលោក កំពុងរៀបចំស្និសីទនេះនៅរដ្ឋធានីបាគូ របស់ប្រទេសអាស៊ែរបៃហ្សង់ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

សៀវភៅណែនាំស្តីពីការប្រែប្រួលអាកាសធាតុដែលបានចេញផ្សាយនៅចុងសប្តាហ៍កន្លងទៅនេះគឺ បានចងក្រងនូវឯកសារ នៃព្រឹត្តិការណ៍ទាំងក្នុងទម្រង់សង្ខេប និងទម្រង់អត្ថបទពេញលេញសរុប ២២១ទំព័រ ក្នុងគោលបំណងផ្សព្វផ្សាយឱ្យសាធារណជនបានជ្រាប ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព សំដៅធានាសម្រេចគោលដៅកម្ពុជា មានគម្របព្រៃឈើកើនឡើងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានឱ្យដឹងថា ឯកសារនេះ រៀបចំឡើងសម្រាប់មន្រ្តីបរិស្ថានទាំងអស់ យកទៅប្រើប្រាស់ឱ្យចំទឹសដៅ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកៀគរធនធានសម្រាប់ទប់ស្កាត់ផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុផង និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្នុងនាមជាសមាជិកនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសកម្ពុជាប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅការអភិវឌ្ឍន៍ប្រកបដោយចីរភាព កាបូនទាប ដែលធន់នឹងអាកាសធាតុ។

យោងតាមឯកសារ ចាប់តាំងពីចូលជាធរមាននៅក្នុងឆ្នាំ១៩៩៤ មកអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) បានដើរតួនាទីជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចចរចាអំពីអាកាសធាតុពិភពលោក ដែលនាំឱ្យមានកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន ដូចជាពិធីសារក្យូតូ ក្នុងឆ្នាំ១៩៩៧ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងឆ្នាំ២០១៥ ជាដើម។ កម្ពុជាចូលរួមជាសមាជិកពេញមុខពេញមាត់ជាមួយសហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។

ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញា UNFCCC នៅថ្ងៃទី ១៨ ខែធ្នូឆ្នាំ ១៩៩៥។ អនុសញ្ញានេះបានចូលជាធរមានសម្រាប់ប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែមីនាឆ្នាំ ១៩៩៦។ កម្ពុជា បានរួមចំណែកយ៉ាងច្រើនទៅលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងប្រទេស និងចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ប្រទេសកម្ពុជាបានដាក់ចេញនូវគោលបំណងច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ជាក់ស្តែងក្នុងនាមជាភាគីហត្ថលេខីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងពិធីសារក្យូតូ កម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងការអនុវត្ដអនុសញ្ញានេះក៏ដូចជាការអនុវត្ដពិធីសារក្យូតូ តាមរយៈការអនុវត្តយន្ដការអភិវឌ្ឍន៍ស្អាត។ល។

ប្រទេសកម្ពុជាបានរៀបចំនិងដាក់ជូនយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនកាលពីចុងឆ្នាំ២០២១ ដែលបង្ហាញពីការបញ្ចេញឧស្ម័នស្មើសូន្យនៅឆ្នាំ២០៥០។ យុទ្ធសាស្រ្ត នេះមិនគ្រាន់តែចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសកលនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថានកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបង្ហាញពីសុខុដុមនីយកម្មលើគ្រប់វិស័យ និងសុខសន្តិភាពរបស់ប្រទេសជាតិ។

សូមបញ្ជាក់ថា សន្និសីទភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៩ (COP29) នឹងចាប់ផ្តើមនៅរដ្ឋធានីបាគូ របស់ប្រទេសអាស៊ែរបៃហ្សង់ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងចូលរួមជាមួយបណ្តាមេដឹកនាំមកពីជុំវិញពិភពលោក មកពីជិត២០០ប្រទេស និងប្រតិភូចូលរួមសរុបប្រមាណ ២៦០០០នាក់ រាប់ទាំងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនអន្តរដ្ឋាភិបាល និងវិស័យឯកជនដើម្បីវាយតម្លៃអំពីវឌ្ឍនភាព និងបង្កើតការឆ្លើយតបចំពោះវិបត្តិអាកាសធាតុ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner