រយៈពេល ៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូកក្នុងរាជធានីភ្នំពេញ មានសំរាមជាង ១ម៉ឺនតោន
(ភ្នំពេញ)៖ ការចូលរួមសំអាត ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក នៅតាមកន្លែងកម្សាន្តនានា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ មានចំនួនសរុប ១០ ៥០០តោន ។
តាមការបញ្ជាក់ពីអាជ្ញាធរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដោយក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ និង ជនបរទេស ប្រមាណ ជាង ៦លាននាក់បានមកចូលរួម និងដើរលេងកម្សាន្ត។ ដោយឡែកចំនួនសំរាម ដែលប្រមូល បាននៅតាមកន្លែងកម្សាន្ត និងទីសាធារណៈនានា មានការថយចុះ ចំនួន៣ភាគរយ ជារៀងរាល់ថ្ងៃ នៅក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូកទាំង៣ថ្ងៃផងដែរ។
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តមខ្វៃ អាទិត្យា បានឱ្យដឹងថា រយៈពេល៣ថ្ងៃនៃក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ បានកន្លងផុតទៅនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថាពលរដ្ឋកម្ពុជា កាន់តែច្រើនឡើងបានយល់ដឹងពី ការទុកដាក់សំរាមបានត្រឹមត្រូវ និងបានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ប្រសើរជាងពេលមុន។ លើសពីនេះ ការចូលរួមសហការព្រមគ្នា ពីអ្នកពាក់ព័ន្ធ ពីអ្នកចូលរួមទស្សនា ព្រះរាជពិធីបុណ្យប្រពៃណីដ៏ធំមួយនេះ បានចូលរួមផ្សព្វផ្សាយយុទ្ធនាការរបស់ក្រសួងបរិស្ថាន ជាពិសេសយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីបំផុសស្មារតីឆ្ពោះទៅ ផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់ ថែរក្សា និងជាពិសេសធ្វើការរើសសំរាម សំអាតអនាម័យបរិស្ថាន និងការចុះអនុវត្តសកម្មភាពដោយផ្ទាល់ ដោយបានប្រមូលទុកដាក់ សំរាម សំណល់ប្លាស្ទិក បានល្អប្រសើរ និងថែរក្សាបរិស្ថានឱ្យល្អជានិច្ច។ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូកមិនបានបន្សល់សំរាមតាមទីសាធារណៈនោះទេ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងបរិស្ថានទាំងអស់ រួមជាមួយដៃគូ អាជ្ញាធរមូលដ្ឋាន អ្នកស្រឡាញ់បរិស្ថាន យុវជនកម្ពុជា និងវិស័យឯកជន ដែលបានរួមគ្នាសម្អាតបរិស្ថាន និងសំរាម បានយ៉ាងល្អប្រសើរ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងមកនេះ។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ជោគជ័យនេះ ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នាយ៉ាងរឹងមាំ រវាងក្រុមគ្រួសារបរិស្ថាន រួបរួមគ្នារុញច្រាននាវាបរិស្ថានឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់ក្រុមគ្រួសារបរិស្ថានទាំងអស់ចំពោះស្មារតីបំពេញបេសសកម្មបរិស្ថានដ៏ក្លៀវក្លានេះ លះបង់កម្លាំងកាយ ចិត្ត និងពេលវេលាក្នុងការរៀបចំ និងធ្វើឱ្យប្រទីបបរិស្ថាន ដំណើរការបានយ៉ាងរលូន និងជោគជ័យគួរជាទីមោទនៈ ដែលបានបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិ បានទស្សនា៕
ដោយ ៖ ម៉ាដេប៉ូ