ឯកឧត្តម ហួត ហៃ ៖ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូកមិនបានបន្សល់សំរាមតាមទីសាធារណៈនោះទេ

(ភ្នំពេញ)៖ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូកមិនបានបន្សល់សំរាមតាមទីសាធារណៈនោះទេ។ទាំងនេះគឺដោយសារបងប្អូនកម្មករ ក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាម សហការជាមួយកម្លាំងនៃមន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលរាជធានីបានចាប់ផ្តើមបោសសំអាចនិងដឹកជញ្ជូនចេញតាំងពីម៉ោង១២យប់រហូតទល់ភ្លឺ។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ (សួនច្បារវត្តបុទ្ធវត្តី) ខណ្ឌដូនពេញ។

ឯកឧត្តម ហួត ហៃ បានមានប្រសាសន៍ថា៖ ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព» នាឱកាសនេះ រៀបចំឡើងក្នុងគោលបំណង បំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់ ថែរក្សា និងជាពិសេសធ្វើការសំអាតអនាម័យបរិស្ថាន។ ការប្រារព្ធទិវានេះ នឹងក្លាយជាចរន្តចលករ ដែលជំរុញ ឱ្យមានការផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថាន។ ផ្តើមចេញពីបុគ្គលម្នាក់ៗ ចេះទទួលខុសត្រូវ លើការទុកដាក់ សំណល់ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ដោយទុកដាក់ក្នុងធុងសំរាមឱ្យបាន ត្រឹមត្រូវ និងដាំដើមឈើ ដើម្បីឱ្យមានភាពបៃតងស្រស់ប្រកបដោយផាសុកភាព។

ឯកឧត្តម ហួត ហៃ បន្តថា៖ ការប្រាព្ធទិវានេះដែរ ក៏បានរៀបចំឡើងអោយត្រូវថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ ដោយក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ និង ជនបរទេស ប្រមាណ ជាង ៦លាននាក់ ឯណោះ មកចូលរួម និងដើរលេងកំសាន្ត។ដូច្នេះបរិមាណសំរាមត្រូវតែច្រើន ប៉ុន្តែដោយយើងមានក្រុមហ៊ុនប្រមូលសំរាមល្អ មន្ត្រីគ្រប់លំដាប់ថ្នាក់ចូលរួម សហការ ដឹកនាំក្នុងការប្រមូលសំរាមនេះ យើងធ្វើបានល្អមែនទែន។ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ខណៈដែលយើងប្រារព្វពិធី គឺមិនមានសំរាមនោះទេ។ ការធ្វើទិវាអនាម័យបរិស្ថាននេះ យើងគិតថា អាចនៅសល់សំរាមតិចតួចដែលយើងត្រូវសំអាតអោយអស់កុំសេសសល់ តែយើងមើលជាក់ស្តែង យើងគ្មានសំរាមទេ។

ឯកឧត្តម ហួត ហៃ សូមកោតសរសើរនិងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាមទាំង៣ មន្ទីរបរិស្ថាន មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធ ដែលបានចូលរួមសហការនិងធ្វើសកម្មភាពព្រមៗគ្នា ដែលធ្វើអោយរាជធានីភ្នំពេញមានបរិស្ថានល្អស្អាត ហាក់ដូចជាមិនមានព្រះរាជពិធីបុណ្យដែលមានមនុស្ស ម្នា ចូលរួមរហូតដល់៦លាននាក់។ បន្ថែមពីនេះ ឯកឧត្តម ហួត ហៃក៏បានអរគុណផងដែរចំពោះប្រជាពលរដ្ឋ ដែរបានចូលរួមសហការក្នុងការទុកដាក់សំរាមបានល្អ បង្កលក្ខណៈងាយស្រួលដល់ ក្រុមការងារប្រមូលសំរាម ទើបយើងទទួលបានជោគជ័យធំធេងដូចពេលនេះ។

ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំនេះ សំរាមយើងប្រមូលបានល្អមែនទែន។

ជាក់ស្តែងសំរាប់រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ បងប្អូនក្រុមការងារទាំងអស់បានធ្វើសកម្មភាពព្រមៗគ្នា ក្នុងនោះមានមន្ទីរពាក់ព័ន្ធនិងក្រុមហ៊ុនប្រមូលសំរាមទាំង៣ ក៏បានធ្វើសកម្មភាពព្រមៗគ្នានៅតាមតំបន់របស់គាត់គ្រប់គ្រងបានយ៉ាងល្អផងដែរ។

ជុំវិញការបោសសំអាតក្នុងព្រះរាជពិធីបុណ្យអុំទូកនេះដែរ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានប្រើប្រាស់កម្លាំងកម្មករបោសំអាតរបស់មន្ទីរ ចំនួន៣៣០នាក់ សហការជាមួយក្រុមហ៊ុនដឹកជញ្ជូនសំរាម ដោយធ្វើការបោស សំអាត តាំងពីម៉ោង ១២យប់ រហូតដល់ ៧ព្រឹក ជាមួយនឹងការរថយន្តបាញ់លាង សំអាតចំនួន ១៨គ្រឿងផងដែរ។

គួរបញ្ជាក់ថា៖ ការប្រាព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ខាងលើនេះ មានអ្នកចូលរួមសរុបចំនួន ១០២៦ នាក់ មកពី មន្ទីរបរិស្ថាន ទីចាត់គ្រប់គ្រងសំណល់ និងបរិស្ថាន អង្គភាពជុំវិញរាជធានី រដ្ឋបាលខណ្ឌទាំង១៤ ប្រជាពលរដ្ឋមកពីខណ្ឌបឹងកេងកង ចំការមន និងដូនពេញ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន សេដ្ឋកិច្ចក្រៅប្រព័ន្ធ គម្រោងស្អាត និង ប្រតិបត្តិករទាំងបីក្រុមហ៊ុន៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner