បុណ្យអុំទូក ៣ថ្ងៃ ពលរដ្ឋលើកគ្នាមកលក់ដូរនៅតាមមាត់ទន្លេ និង មុខព្រះបររមរាជវាំង ដោយរីករាយនឹងប្រមូលលុយ
(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរតូចធំ ក្នុងនេះមិនថាជាការលក់តាមកញ្ច្រែង កញ្ជើរ ថាស រទេះ និងរហូតដល់ស្តង់ដែលជាក្រុមហ៊ុនតូចធំទេបាន ប្រមូលគ្នាមកលក់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំ២០២៤នេះ ដោយខ្លះលើកគ្នាមកលក់ដូរនៅតាមដងមាត់ទន្លេសាប និង មុខព្រះបររមរាជវាំងដោយក្នុងចំណោមនេះអាចលក់ដាច់ជាហូរហែ នឹងអាចប្រមូលលុយដោយក្តីសប្បាយរីករាយ ។
ក្រៅពីការលក់របស់ហូបចុក ភេសជ្ជៈ និងទំនិញប្រើប្រាស់នានាដែលជាលក្ខណៈក្រុមហ៊ុនតូចធំនោះ គេក៏ឃើញមានប្រជាពលរដ្ឋរស់នៅបណ្តាខេត្តផ្សេងៗ ឬខ្លះទៀតរស់នៅក្នុងរាជធានីភ្នំពេញ បាននាំគ្នាលក់ជាលក្ខណៈតូចតាចមាននំ ចំណីចំណុក ផ្លែឈើ ភេសជ្ជៈ ក៏អាចរកប្រាក់កម្រៃចំណេញក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យអុំទូកនេះដែរ ។
ស្រ្តីឈ្មោះ ស្រីម៉ៅ ដែលយកកំពីងត្នោតមកលក់នៅ ខាងមុខ ព្រះបរមរាជវាំង សព្វថ្ងៃរស់នៅ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា៖អ្នកស្រី និងអ្នកភូមិតែងប្រមូលគ្នាមកលក់រៀងរាល់ថ្ងៃបុណ្យអុំទូកមិនដែលខាន។ ការលក់នៅថ្ងៃបុណ្យអុំទូកក្រៅពីលក់បានកម្រៃខ្ពស់គួរសម ហើយនៅលក់ដាច់ថែមទៀត។អ្នកស្រីអាចរកប្រាក់កម្រៃ ប្រមាណ៤០ម៉ឺនទៅ ៧០ម៉ឺនរៀល រៀងរាល់ឆ្នាំនៃពិធីបុណ្យអុំទូក៣ថ្ងៃនេះ ។
ស្រ្តីរូបបានប្រាប់ថា”ខ្ញុំមកលក់រៀងរាល់ឆ្នាំឃើញថាឆ្នាំនេះលក់ដាច់ពីព្រោះថាមានមនុស្សមកដើរលេងច្រើនណាស់ ។ ការលក់នេះមិនទៀតទាត់ទេ បើយើងអាចយកមកបានច្រើនគឺប្រាក់ចំណេញក៏ច្រើនតាមនោះដែរ” ។
អ្នកនាង ឃើន ដារ៉ា ធ្វើការ រោងចក្រ ក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅខេត្តព្រៃវែងបានឱ្យដឹងថាដោយសារ បងប្អូនប្រាប់ថាបុណ្យអុំទូកលក់ដាច់ ទើបជំរុញឱ្យ អ្នកនាងបានយកខ្នុរមកលក់តាមគេឯងដែរ។ការមកលក់នៅទីនេះមានមនុស្សកុះករធ្វើឱ្យអាចរលក់បានប្រាក់កម្រៃសម្រាប់យកទៅផ្ទះវិញផងដែរ។
ដោយឡែក លោក រ៉ន រៀម នៅខេត្តកំពង់ស្ពឺបាន ប្រាប់ថា៖លោកបានមកលក់ក្នុងពិធីបុណ្យអុំទូកនេះចំនួន២លើកហើយ ដោយក្នុងនេះលើកទី១បានផលកម្រៃច្រើនគួរសម។សម្រាប់ឆ្នាំនេះដែរដោយសារមនុស្សច្រើន លោកក៏ជឿជាក់ថាអាចរកប្រាក់កម្រៃមិនចាញ់ឆ្នាំកន្លងមកទេ ។
អ្នកស្រី យ៉េង សាលី ដែលកំពុងអង្គុយលក់ក្រឡានរស់នៅខេត្តកណ្តាលបានឱ្យដឹងថារៀងរាល់ឆ្នាំអ្នកស្រីអាចរកប្រាក់កម្រៃចាប់ពី៤០ទៅ៦០ម៉ឺនរៀលពីការលក់ដូរក្នុងពិធីបុណ្យអុំទូក។យ៉ាងណាសម្រាប់ឆ្នាំនេះ លក់ដាច់អ្នកស្រីសប្បាយចិត្តខ្លាំងណាស់។
ទាក់ទិនក្នុងរឿងនេះលោកស្រី ដោ សម្ផស្ស នាយិការង រដ្ឋបាល និង ជា អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ទូរទស្សន៍អប្សរាឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋពីបណ្តាខេត្ត ឬអ្នករស់នៅរាជធានីភ្នំពេញច្រើនរយនាក់តែងនាំគ្នាមកលក់ដូរក្នុងពិធីបុណ្យអុំទូក។ការលក់ដូររបស់ពួកគាត់មានទាំងក្រុមហ៊ុន និងលក្ខណៈឯកជនតូចៗជាច្រើន ។
លោកស្រីបានបញ្ជាក់បន្ថែមថា៖រដ្ឋបាលរាជធានីភ្នំពេញបានព្យាយាមយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំរបៀបរៀបរយសាធារណៈ សណ្តាប់ធ្នាប់ តាមទីតាំងកម្សាន្តនានា ដើម្បីបង្កលក្ខណះល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត។ជាមួយគ្នាសាលារាជធានីភ្នំពេញបានឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករជួយថែរក្សាបរិស្ថាន ន,អនាម័យស្អាត និងមានរបៀបរៀបរយល្អក្នុងពិធីបុណ្យកន្លងមកនេះ ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ហេងសម្បត្តិ