វេទិកាពិសេស នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CDI បានបើកជាផ្លូវការ នៅក្រុង សៀមរាប

(សៀមរាប)៖ ឯកឧត្តម អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា ប្រធានអនុគណៈកម្មការរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តល (CDI-IDC) និងជាអនុប្រធានទី២ ព្រឹទ្ធសភា និងឯកឧត្តម André Pastrana Arango ប្រធានអង្គការ CDI-IDC អញ្ជើញជាអធិបតី បើកវេទិកាពិសេសនៃកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិ CDI ស្តីពី ”សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី” ដែលរៀបចំដោយវេទិកាយុវជន CDI-IDC និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ជាច្រើនរូប ដែលមកពីបណ្តាប្រទេសចំនួន ២៤ ក្នុងទ្វីបទាំង៥ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រុងសៀមរាប ខេត្តសៀមរាប ។

សូមជម្រាបថា៖ នាពេលបច្ចុប្បន្ន អង្គការ CDI មានសមាជិកជាង ១០៩ គណបក្ស មកពី៨៣ ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។ គណបក្សប្រជាជនកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិរបស់ CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោត ជាអនុប្រធាន អង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែកក្កដា ឆ្នាំ២០១៨ចំនួន ៣ អាណត្តិមកហើយ ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ប្រទេសកម្ពុជា មានបទពិសោធន៍យ៉ាងទូលំទូលាយ ក្នុងការកសាងសន្តិភាព ហើយយើងខ្នះខ្នែងចែករំលែកវា ជាមួយប្រទេសផ្សេងៗ ជាពិសេស ប្រទេសដែលប្រឈមមុខនឹងជម្លោះប្រដាប់អាវុធដែលអូសបន្លាយ។ ដំណើរផ្លាស់ប្តូរពីសង្គ្រាមទៅកាន់សន្តិភាព គឺជាដំណើរការដ៏លំបាកមួយ ប៉ុន្តែយើងមិនត្រូវបោះបង់ ក្តីសង្ឃឹម ហើយខិតខំរួមគ្នាដើម្បីស្វែងរកសន្តិភាព ដែលជាដំណោះស្រាយដ៏មានន័យចំពោះសង្គ្រាម។ នៅក្នុងវេទិកាពិសេសទីពីររបស់យើងថ្ងៃនេះ យើងនឹងមានឱកាសពិភាក្សាអំពីសេចក្តីព្រាងធម្មនុញ្ញសន្តិភាព ដែលស្នើឡើងដោយប្រទេសកម្ពុជា ក្នុងគោលបំណង លើកកម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ធម្មនុញ្ញសន្តិភាព គឺជាឧបករណ៍ច្បាប់មិនជាប់កាតព្វកិច្ចមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីពង្រឹងជាសកល នូវសាមគ្គីភាព និងភាពជាដៃគូអន្តរជាតិ ដើម្បីសន្តិភាព សុខដុមរមនា សេចក្តីថ្លៃថ្នូរ និងវិបុលភាព។ វាឈរលើគោលការណ៍គ្រឹះនៃ (១) ឯកភាពក្នុងភាពចម្រុះ អ្នកជិតខាងល្អ ការមិនឈ្លានពាន និងមិនជ្រៀតជ្រែក (២) ការដោះស្រាយជម្លោះដោយសន្តិវិធី និង (៣) វប្បធម៌សន្តិភាព។

បន្ទាប់ពីប្រសាសន៍ស្វាគមន៍ របស់ឯកឧត្តម André Pastrana Arango ក្នុងនាមជាប្រធានអង្គការ IDC-CDI ឯកឧត្តម អ៊ុច បូររិទ្ធ បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះភាពជាអ្នកដឹកនាំ ដែលមានចក្ខុវិស័យរបស់គាត់ ក្នុងការធានាសន្តិភាពពេញលេញសម្រាប់កម្ពុជា ជាលើកដំបូងក្នុងរយៈពេល ៥សតវត្សកន្លងមកនេះ។ ការកសាងសន្តិភាព ការផ្សះផ្សា និងការអភិវឌ្ឍជាតិ គឺជាកេរ្តិ៍ដំណែលដ៏អស្ចារ្យបំផុតរបស់លោកដែលបានបន្សល់ទុកសម្រាប់កម្ពុជា។ ដោយសារអាស៊ី មានវប្បធម៌ និងប្រពៃណីចម្រុះ ការលើកកម្ពស់ការយល់ដឹង និងការអត់ឱន ជាអន្តរវប្បធម៌ ក៏ដូចជាការទទួលយកភាពចម្រុះ ដោយការគោរពគ្នាទៅវិញទៅមក គឺពិតជាចាំបាច់ សម្រាប់ការរក្សាការបង្រួបបង្រួម ដើម្បីរក្សាសហត្ថិភាព ដោយសន្តិភាព និងសម្រាប់ការរក្សាសន្តិភាព និងស្ថិរភាព ។

ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងនៅទីក្រុងអង្គរ ដែលជាបេះដូងនៃអរិយធម៌ខ្មែរបុរាណរបស់យើង។ ក្នុងនោះ គួរកត់សម្គាល់ថា ទ្វីបអាស៊ី អឺរ៉ុប អាមេរិកឡាទីន និងអាហ្រ្វិក គឺជាដើមនៃអរិយធម៌បុរាណ ដែលមានលក្ខណៈប្លែកៗរៀងៗខ្លួន។ អរិយធម៌បុរាណទាំងអស់នេះ ត្រូវបានភ្ជាប់យ៉ាងស៊ីជម្រៅ និងបំពេញបន្ថែមគ្នាទៅវិញទៅមក ក្នុងលក្ខខណ្ឌ នៃការរួមចំណែករបស់ពួកគេចំពោះការរីកចម្រើនរបស់មនុស្សជាតិ តាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន។

ប្រទេសចំនួន ២១ មកពីទ្វីបចំនួន៤ ដែលមកតំណាងនៅទីនេះនាថ្ងៃនេះ ហើយពួកគេ សុទ្ធតែជាកូនចៅ និងអ្នកមរតកសម័យទំនើប នៃអរិយធម៌ដ៏អស្ចារ្យនៅទូទាំងពិភពលោក។ បុព្វបុរសរបស់យើង បានប្រគល់ឱ្យយើងមិនត្រឹមតែប្រាសាទ និងវិមានដ៏អស្ចារ្យ និងទ្រព្យសម្បត្តិបុរាណវិទ្យា និងសិល្បៈ ដែលយើងឃើញបង្ហាញនៅក្នុងសារមន្ទីរ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសមិទ្ធិផលវិទ្យាសាស្ត្រ ជាមូលដ្ឋានផ្សេងទៀត និងការច្នៃប្រឌិត ដែលបានផ្លាស់ប្តូរពិភពលោកផងដែរ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាជិកប្រតិភូ ប្រមាណ ៨៧ រូប មកពី ២៦ គណបក្ស និង ២៤ ប្រទេស ជុំវិញពិភពលោក ក្នុងនោះមានឥស្សរជន នយោបាយជាន់ខ្ពស់ និងអញ្ជើញចូលរួមកិច្ចពិភាក្សាលើវេទិកាពិសេសចំនួន២ ស្ដីពី «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនា សហត្ថិភាព និងការឆ្លើយ តបបញ្ហាប្រឈម» និងកិច្ចពិភាក្សាស្តីពី «ធម្មនុញ្ញសន្តិភាព៖ ដើម្បីមនុស្សជាតិនិងភពផែនដី» ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ ប៊ុន រដ្ឋា

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner