«ចានទទេ» តំណាងអ្នកអត់ឃ្លាន ៧០០លាននាក់ រៀបលើឆ្នេរអំឡុងកិច្ចប្រជុំ G20 នៅប្រេស៊ីល
បរទេស ៖ «ចានទទេ» ជាង៧៣០ចាន តំណាងឲ្យមនុស្សស្រែកឃ្លាន ជាង៧៣០លាននាក់ ត្រូវបានដាក់បង្ហាញ នៅលើឆ្នេរសមុទ្រ ប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ ដើម្បីជំរុញឱ្យមេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ឬ G20 ដោះស្រាយភាពអត់ឃ្លានសកល។
សកម្មជនមកពីក្រុមសិទ្ធិមនុស្ស «Rio de Paz» បានបង្ហាញចានទទេ ចំនួន៧៣៣ នៅលើឆ្នេរ Copacabana ស្ថិតក្នុងទីក្រុង Rio de Janeiro នៅមុនកិច្ចប្រជុំកំពូល G20 ដើម្បីជំរុញឱ្យមេដឹកនាំដោះស្រាយភាពអត់ឃ្លាន។
ប្រធានអង្គការក្រៅរដ្ឋាភិបាល លោក Antônio Carlos Costa បានពន្យល់ថា «ចានទទេ តំណាងឱ្យសេចក្តីស្លាប់។ ទាំងអស់នេះ គឺដោយសារតែ កាលពីឆ្នាំមុន យោងទៅតាមទិន្នន័យរបស់អង្គការសហប្រជាជាតិមនុស្ស បង្ហាញថា មនុស្សចំនួន៧៣៣លាននាក់ បានទទួលរងគ្រោះ ពីភាពអត់ឃ្លាន»។
លោកបានបន្ថែមថា «យើងអាចដោះស្រាយបញ្ហាបាន។ អ្វីដែលខ្វះខាតនោះ គឺឆន្ទៈនយោបាយ»។
ប្រទេស G20 បានយល់ព្រមចំពោះសម្ព័ន្ធភាពសកល ប្រឆាំងនឹងភាពអត់ឃ្លាន និងភាពក្រីក្រដែលបានបង្ហាញដោយប្រេស៊ីល កាលពីខែកក្កដា ឆ្នាំមុន។ ការកាត់បន្ថយភាពក្រីក្រ គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាព របស់ប្រេស៊ីលក្នុងនាមជាប្រធានក្រុម G20 ពេលបច្ចុប្បន្ននេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត