អាមេរិកជះលុយជាង ១៨០ពាន់លានដុល្លារទៅក្នុងសង្គ្រាមអ៊ុយក្រែន
វ៉ាស៊ីនតោន ៖ សភាអាមេរិកបានបែងចែកថវិកាចំនួន ១៨២ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ីចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ នេះបើយោងតាមរបាយការណ៍ពីអគ្គអធិការនៃមន្ទីរបញ្ចកោណ ដកស្រង់ចេញផ្សាយថ្មីៗនេះដោយសារព័ត៌មាន RT។
ក្នុងចំណោមថវិកាសរុប ក្នុងនោះជាង ១៣១ពាន់លានដុល្លារសម្រាប់គាំទ្រដល់សកម្មភាពទាក់ទងនឹងសន្តិសុខ។ តួលេខនេះរាប់បញ្ចូលទាំងថវិកាជាង ៤៦ពាន់លានដុល្លារ ដែលត្រូវបានបម្រុងទុកសម្រាប់ការបង្កើនវត្តមានយោធាអាមេរិកនៅក្នុងទ្វីបអឺរ៉ុប និងជាង ៤៥ពាន់លានដុល្លារសម្រាប់ការជំនួសអាវុធដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន។
ចំណែកថវិកាជាង ៤៣ពាន់លានដុល្លារត្រូវបានបែងចែកសម្រាប់កម្មវិធីអភិបាលកិច្ច ដែលរាប់បញ្ចូលទាំងប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីសាធារណៈអ៊ុយក្រែន និងជាង ៤ពាន់លានដុល្លារទៀតសម្រាប់ជំនួយមនុស្សធម៌។
ក្រៅពីលុយ អអាមេរិកក៏បាន ផ្តល់ សម្ភារៈ យោធា ជាច្រើន ដល់ អ៊ុយក្រែនផងដែរ មានដូចជារថក្រោះ គ្រាប់រំសេវ អាវុធ និងកាំភ្លើងធំ។ កញ្ចប់ជំនួយនោះក៏រួមបញ្ចូលជាពិសេសទាំងរថក្រោះចម្បាំង Bradley ដែលកងទ័ពអ៊ុយក្រែនចូលចិត្តជាងរថក្រោះ Abrams ដោយសារតែល្បឿន និងភាពរហ័សរហួនរបស់ពួកវានៅលើសមរភូមិ។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានរក្សាការប្តេជ្ញាចិត្តផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាដល់អ៊ុយក្រែនដរាបណាពួកគេត្រូវការ។ យ៉ាងណាមិញ កាលពីដើមសប្តាហ៍មុន លោក Trump បាននិយាយថា រដ្ឋបាលរបស់គាត់នឹងព្យាយាមដោះស្រាយសង្គ្រាមរុស្ស៊ី-អ៊យក្រែនឱ្យបានលឿនបំផុត ដោយសង្កត់ធ្ងន់លើតម្រូវការការពារការបង្ហូរឈាមគ្នាបន្ថែមទៀត៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា