លោក ស៊ី ជិនពីង ៖ ការប្រើសង្រ្គាមត្រជាក់គាបសង្កត់ចិននឹងបរាជ័យ
លីម៉ា ៖ ប្រធានាធិបតីចិន លោក Xi Jinping បានគូសបញ្ជាក់ថា សង្រ្គាមត្រជាក់ថ្មីមិនគួរត្រូវយកមកប្រើទេ ព្រោះវាមិនអាចឈ្នះបានទេ… ការគាបសង្កត់ប្រទេស ចិន គឺជារឿងមិន អាច ទទួល យក បាន ហើយ ត្រូវ បាន កំណត់ ថា នឹង បរាជ័យ។ ប៉ុន្តែអ្វីដែលជា រឿង សំខាន់ សម្រាប់ ប្រទេស ទាំងពីរ នោះគឺការ រាប់អាន គ្នា ដោយ ស្មើភាព។
នៅក្នុងជំនួបទល់មុខជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden នៅប៉េរូ លោក Xi បានដាក់ចេញដែនកំណត់ចំនួនបួន ដែលសហរដ្ឋអាមេរិកគួរតែគោរព ដើម្បីរក្សាទំនាក់ទំនងប្រកបដោយតុល្យភាព និងរឹងមាំរវាងប្រទេសទាំងពីរ។
ក្នុងនោះរួមមានបញ្ហាកោះតៃវ៉ាន់, លទ្ធិប្រជាធិបតេយ្យ, សិទ្ធិមនុស្ស និងសិទ្ធិក្នុងការអភិវឌ្ឍ ដែលទាំងនេះគឺជាដែនកំណត់ ឬក៏បន្ទាត់ក្រហមសម្រាប់ចិន ហើយមិនត្រូវរំលង ឬប្រឆាំងជាដាច់ខាត។
ជាមួយគ្នានោះ លោក Xi ក៏បានគូសបញ្ជាក់ពីគោលបំណងរបស់ទីក្រុងប៉េកាំង ក្នុងការបណ្តុះទំនាក់ទំនងប្រកបដោយស្ថិរភាព សុខមាលភាព និងនិរន្តរភាព ជាមួយទីក្រុងវ៉ាស៊ីនតោន។
តែទោះបីជាយ៉ាងណា លោក Xi ក៏បានទទួលស្គាល់ដែរថា ភាពខុសគ្នារវាងមហាអំណាចធំៗ គឺជៀសមិនរួច ប៉ុន្តែវាក៏ជារឿងចាំបាច់ ដែលត្រូវតែគោរពផលប្រយោជន៍ស្នូលរបស់ប្រទេសដទៃ។ ទាំងនេះគឺជារបាំងការពារ និងសំណាញ់សុវត្ថិភាពដ៏សំខាន់បំផុត សម្រាប់ទំនាក់ទំនងចិន-អាមេរិក។
លោក Xi បន្ថែមទៀតថា ចិន ត្រៀម ខ្លួន ជា ស្រេច ដើម្បីធ្វើការជាមួយនឹងរដ្ឋាភិបាលអាមេរិកថ្មីដឹកនាំដោយលោក Donald Trump៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា