Biden ទៅដល់ព្រៃអាម៉ាហ្សូនជាប្រវត្តិសាស្ត្រ មុនចប់អាណត្តិ

បរទេស ៖ លោក ប្រធានាធិបតីអាមេរិក Joe Biden បានប្រើប្រាស់ «ការធ្វើដំណើរ ជាប្រវត្តិសាស្ត្រ» ទៅកាន់តំបន់ព្រៃ Amazon កាលពីថ្ងៃអាទិត្យ ដើម្បីគូសបញ្ជាក់ពីការផ្តល់ហិរញ្ញប្បទានអាកាសធាតុទ្វេភាគី របស់អាមេរិក ដែលបានកើនឡើងដល់ ១១ ពាន់លានដុល្លារ នៅឆ្នាំនេះ បំពេញតាមការសន្យា ដែលលោកធ្លាប់បានធ្វើ។

សេតវិមានបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ថា «ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ គឺជាបុព្វហេតុកំណត់ នៃការដឹកនាំ របស់លោក Biden»។ លោកកំពុងជំរុញសកម្មភាពចុងក្រោយ តាមរយៈទស្សនកិច្ច នៅតំបន់អាមេរិកខាងត្បូង ពោលគឺបានទៅកាន់ព្រៃត្រូពិច ដ៏ធំល្វឹងល្វើយ មុនពេលប្រគល់តំណែងប្រធានាធិបតី ទៅឱ្យលោក Donald Trump ដែលជាអ្នកមិនប្រាកដ លើដំណោះស្រាយការប្រែប្រួលអាកាសធាតុ។

សេតវិមានបញ្ជាក់ថា ៦ដងមកហើយ ដែលអាណត្តិលោក Biden បានផ្តល់ហិរញ្ញប្បទានដោះស្រាយបញ្ហាអាកាសធាតុ តាំងពីឆ្នាំ២០២១។ យ៉ាងណាក៏ដោយ សហភាពអឺរ៉ុបនៅតែជាអ្នករួមចំណែកដ៏ធំបំផុត នៅលើពិភពលោក ក្នុងការផ្តល់ហិរញ្ញប្បទាន អាកាសធាតុ។

«អាកាសធាតុ» នឹងក្លាយជាប្រធានបទមួយ ក្នុងចំណោមប្រធានបទចម្បងៗ នៅលើតុ G20 នៅប្រេស៊ីល។ ប្រហែលពាក់កណ្តាល នៃហិរញ្ញប្បទានអាកាសធាតុទាំងអស់ ឆ្លងកាត់មូលនិធិពហុភាគី ដែលគ្រប់គ្រងដោយប្រទេសកំពុងអភិវឌ្ឍន៍។ ប្រទេសអ្នកមានបានរៃអង្គាសប្រាក់ បានចំនួន ១១៦ពាន់លានដុល្លារ កាលពីឆ្នាំ២០២២ នេះបើយោងតាមទិន្នន័យចុងក្រោយបំផុត ពីអង្គការអន្តរជាតិ OECD៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner