រុស្ស៊ីបាញ់កាំជ្រួចចំអគារលំនៅដ្ឋានអ៊ុយក្រែនស្លាប់មនុស្សជិត១០នាក់ មានទាំងកុមារ

បរទេស ៖ ការវាយប្រហាររបស់រុស្ស៊ី ដោយការបាញ់កាំជ្រួច ចំលើអគារលំនៅដ្ឋាន បានសម្លាប់មនុស្សជិត១០នាក់ នៅតំបន់ភាគឦសាន នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ នេះបើតាមរដ្ឋអាជ្ញា អ៊ុយក្រែន។

ការិយាល័យរដ្ឋអាជ្ញា ក្នុងតំបន់បាននិយាយថា ការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ី បានសម្លាប់មនុស្ស ៨នាក់ រួមទាំង កុមារផងដែរ នៅទីក្រុង ​Sumy ភាគឦសាន នៃប្រទេសអ៊ុយក្រែន ពោលគឺ បន្ទាប់ពីប្រទេសនេះ បានរងការវាយប្រហារដ៏ធំ កាលពីយប់មុន។

ការិយាល័យបាននិយាយថា អ្នកស្រុក១០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារ ដែលបានបំផ្លាញអគារកម្ពស់ប្រមាណ១០ជាន់ នៅក្នុងតំបន់លំនៅដ្ឋាន។

សេវាសង្គ្រោះបន្ទាន់រដ្ឋ នៃអ៊ុយក្រែន បានអះអាងតាមរយៈបណ្តាញសង្គម Telegram ថា អ្នកជួយសង្គ្រោះ និងសេវាកម្មចាំបាច់ទាំងអស់ បានបន្តធ្វើការ នៅកន្លែងកើតហេតុ ផ្តល់ជំនួយដល់អ្នកដែលរងផលប៉ះពាល់។ សេវាកម្មនេះបានបញ្ជាក់ថា មនុស្សជាង៤០០នាក់ ត្រូវបានជម្លៀស ចេញពីអគារ។

ការវាយប្រហារនេះ បានកើតឡើង ក្រោយពេលមួយថ្ងៃ ដែលកងទ័ពរបស់ លោក វ្ល៉ាឌីមៀ ពូទីន បានវាយលុកបណ្តាញថាមពលរបស់អ៊ុយក្រែន ក្នុងការវាយប្រហារ ដ៏សាហាវមួយ ជាមួយនឹងកាំជ្រួចចំនួន ១២០ដើម និងយន្តហោះគ្មានមនុស្សបើក ចំនួន៩០គ្រឿង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner