ក្រសួងសុខាភិបាល និង ក្រុមហ៊ុនឯកជនមួយ កំពុងពិនិត្យលទ្ធភាព កិច្ចសហប្រតិបត្តិការ លើការបំពាក់ប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែន នៅតាមមន្ទីរពេទ្យសាធារណៈ
(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវអ្នកឧកញ៉ា ចាន់ សុទ្ធា តំណាងក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD នៅទីស្តីការក្រសួងសុខាភិបាល ។
ជំនួបនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលទ្ធភាព នៃកិច្ចសហប្រតិបត្តិការ និងតម្រូវការរបស់ក្រសួងសុខាភិបាលលើផ្នែកប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនក្នុងមន្ទីរពេទ្យ និងការពិនិត្យលើតម្រូវការក្នុងការសាងសង់មណ្ឌលចាស់ជរា នៅកម្ពុជា។
លោក LIAN YU LIN, អគ្គនាយកក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់ក្រុមហ៊ុន ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល លើការបំពាក់ប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែននៅតាមមន្ទីរពេទ្យសាធារណៈមួយចំនួនដែលអាចនៅមានតម្រូវការ។ លោកអគ្គនាយកបានប្តេជ្ញាចិត្ត និងផ្តល់ការយកចិត្តទុកដាក់លើក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយក្រសួងសុខាភិបាល តាមការណែនាំរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដើម្បីធានាបាននូវនវានុវត្តន៍សេវាសុខាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍ គាំទ្រកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD លើគម្រោងផលិតអុកស៊ីសែន នៅមន្ទីរពេទ្យសាធារណៈនៅកម្ពុជា ដោយឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនជាអនុសាសន៍ថា៖
(១) ស្នើសុំឱ្យក្រុមហ៊ុនពិភាក្សាការងារជាមួយ អ្នកជំនាញបច្ចេកទេសរបស់ក្រសួងជាមុន ដើម្បីកំណត់ពីមន្ទីរពេទ្យដែលនៅមានតម្រូវការជាក់ស្តែង ។
(២) គម្រោងនេះចាំបាច់ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើភាពសុក្រិតនៃសម្ភារៈបរិក្ខារ ព្រោះថាអុកស៊ីសែនជាឱសថដែលមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគុណភាពខ្ពស់ក្នុងការព្យាបាល និងជួយអាយុជីវិតអ្នកជំងឺ ។
(៣) គម្រោងនេះគួរតែមានការអនុវត្តជំហានតូចដើម្បីជាគម្រោងការសាកល្បងគំរូ មុននឹងសម្រេចលើគម្រោងបន្ទាប់ ។
(៤) សុំឱ្យមានទស្សនៈកិច្ចសិក្សារបស់ក្រុមហ៊ុន ទៅមន្ទីរពេទ្យដែលមានម៉ាស៊ីនផលិតអុកស៊ីសែនឈានមុខគេ និងមន្ទីរពេទ្យដែលនៅមានតម្រូវការជំនួយលើការងារនេះផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ