កម្ពុជា បើកទូលាយក្នុងការពិនិត្យស្វែងរកនូវច្រកទំនាក់ទំនងគ្នាបន្ថែមទៀតជាមួយឥណ្ឌូនេស៊ី

(សៀមរាប)៖ កម្ពុជា បើកទូលាយក្នុងការពិនិត្យស្វែងរកនូវច្រកទំនាក់ទំនងគ្នាបន្ថែមទៀតជាមួយឥណ្ឌូនេស៊ី ដែលមានសារៈសំខាន់សម្រាប់ការកសាងភាពទុកចិត្តរវាងគ្នាទៅវិញទៅមក ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ប្រយោជន៍រួម ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Muhaimin Iskandar អនុប្រធានអង្គការ IDC-CDI, និងជារដ្ឋមន្ត្រីសម្របសម្រួលនៃការពង្រឹងសហគមន៍នៃប្រទេសឥណ្ឌូណេស៊ី ព្រមទាំងជាប្រធានគណបក្ស PKB របស់ប្រទេសឥណ្ឌូនេស៊ី នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសដែលឯកឧត្តមបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (IDC-CDI Executive Committee) នៅខេត្តសៀមរាប ។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ឥណ្ឌូណេស៊ី និងកម្ពុជា មានទំនាក់ទំនងដ៏យូរអង្វែង និងមានកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ព្រមទាំងកត់សម្គាល់នូវសក្ដានុពលជាច្រេីន ដែលប្រទេសទាំងពីរ អាចបំពេញឱ្យគ្នាទៅវិញទៅមក។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កេតឃើញថា ប្រទេសកម្ពុជា មានការគោរព ក៏ដូចជាយកចិត្តទុកដាក់ចំពោះសហគមន៍មូស្លីម។ បន្ថែមពីលើទំនាក់ទំនងក្នុងក្របខ័ណ្ឌរដ្ឋនិងរដ្ឋ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគោរពស្នើសម្ដេចបវរធិបតី ពិនិត្យលទ្ធភាពឱ្យបង្កើនច្រក សម្រាប់ការទំនាក់ទំនងគ្នាបន្ថែមទៀតផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលបានរៀបចំយ៉ាងប្រសើរនូវកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ និងចាត់ទុកថា សម្ព័ន្ធភាពនៃអរិយធម៌ គឺជាយន្តការដ៏សំខាន់មួយសម្រាប់ការបង្កើនឥទ្ធិពលនៅក្នុងតំបន់ និងពិភពលោក ។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានអបអរសាទរឯកឧត្តមរដ្ឋមន្ត្រី ដែលបានទទួលការតែងតាំងធ្វើជារដ្ឋមន្ត្រីសម្របសម្រួលនៃការពង្រឹងសហគមន៍នៃប្រទេសឥណ្ឌូណេស៊ី។

សម្ដេចបវរធិបតីបានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី នៅក្នុងវិស័យជាច្រើន រួមមាន៖ វិស័យកសិកម្ម, វិស័យពាណិជ្ជកម្ម, ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន, ព្រមទាំងវិស័យសន្តិសុខនិងការពាជាតិ។

សម្តេចបវរធិបតី បានបញ្ជាក់ថា កម្ពុជា មានកិត្តិយស ដែលបានធ្វេីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ នាពេលនេះ ដែលផ្តល់ឱកាស និងច្រកបន្ថែមសម្រាប់បង្កើនទំនាក់ទំនង ព្រោះថា ទំនាក់ទំនងរវាងប្រទេសនិងប្រទេស គឺមិនមែនមានត្រឹមតែច្រករវាងរដ្ឋាភិបាល និងរដ្ឋាភិបាលនោះទេ ។

ស្ថិតក្នុងបរិការណ៍នៃព្យុះភូមិសាស្ត្រនយោបាយ សម្ដេចបវរធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបង្កើនច្រកនៃទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសទាំងពីរ និងសង្កត់ធ្ងន់ថា កម្ពុជា បើកទូលាយក្នុងការពិនិត្យស្វែងរកនូវច្រកទំនាក់ទំនងគ្នាបន្ថែមទៀត ដែលមានសារៈសំខាន់សម្រាប់ការកសាងភាពទុកចិត្តរវាងគ្នាទៅវិញទៅមក ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ប្រយោជន៍រួម ។

សម្ដេចបវរធិបតី បានថ្លែងបន្ថែមថា នៅក្នុងសប្ដាហ៍នេះ ក្រៅពីកិច្ចប្រជុំរបស់អង្គការ IDC-CDI ប្រទេសកម្ពុជា ក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចំនួនពីរផ្សេងទៀតគឺ ៖ (១) មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ, និង (២) សម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ផងដែរ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner