កម្ពុជា សង្ឃឹមថា គណ:ប្រតិភូជាន់ខ្ពស់ CDI នឹងជួយផ្សព្វផ្សាយនូវអនុស្សាវរីយ៍ល្អៗ លើទឹកដីអង្គរ ទៅកាន់ពិភពលោក
(សៀមរាប)៖ ឯកឧត្តម អ៊ុច បូររិទ្ធ សង្ឃឹមថានៅពេលគណ:ប្រតិភូជាន់ខ្ពស់ CDI វិលត្រឡប់ទៅកាន់ប្រទេសវិញ នឹងជួយផ្សព្វផ្សាយនូវអនុស្សាវរីយ៍ល្អៗលើទឹកដីអង្គរ ទៅកាន់ពិភពលោក ។ ការលើកឡើងរបស់ ឯកឧត្តម អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានអនុគណៈកម្មការររៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ IDC-CDI និងជាអនុប្រធានទី២ នៃព្រឹទ្ធសភា ដូច្នេះ ក្នុងពិធីជប់លៀងជូនគណៈប្រតិភូជាន់ខ្ពស់ ជិត១០០នាក់ មកពីបណ្តាប្រទេសចំនួន ២២ ក្នុងទ្វីបទាំង៥ បន្ទាប់ពីបញ្ចប់នូវវេទិកាពិសេសស្តីពី «សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី» និងកិច្ចពិភាក្សានានា ព្រមទាំងជំនួបការងាររបស់ប្រតិភូ IDC-CDI និងជំនួបទ្វេភាគី ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាបរួចមក ។
ឯកឧត្តម អ៊ុច បូររិទ្ធ បានថ្លែងអំណរគុណដល់គណ:ប្រតិភូជាន់ខ្ពស់ IDC-CDI ដែលចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមកិច្ចប្រជុំនៅទីតាំងបេះដូងនៃអរិយធម៌ខ្មែរបុរាណ។
ឯកឧត្តម សង្ឃឹមថា នៅពេលគណ:ប្រតិភូជាន់ខ្ពស់ទាំងអស់ វិលត្រឡប់ទៅកាន់ប្រទេសវិញ នឹងជួយផ្សព្វផ្សាយនូវអនុស្សាវរីយ៍ល្អៗលើទឹកដីអង្គរ វប្បធម៍ ប្រវត្តិសាស្រ្តខ្មែរ ទៅកាន់ពិភពលោក ហើយទិដ្ឋភាពទាំងនេះនឹងដក់ជាប់ក្នុងបេះដូងគណ:ប្រតិភូជាន់ខ្ពស់ IDC-CDI ពីវប្បធម៌ដ៏ប្រពៃរបស់កម្ពុជា។
សូមបញ្ជាក់ថា ពិធីជប់លៀងបានរៀបចំឡើងដើម្បីជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូជាន់ខ្ពស់ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ IDC-CDI ដែលបានប្រពឹត្តទៅប្រកបដោយបរិយាកាសរីករាយ និងស្និតស្នាលបំផុត អមជាមួយសម្រស់ និងទេសភាពដ៏ស្រស់ត្រកាលជុំវិញប្រាសាទធម្មនន្ទនាពេលរាត្រី ជាប្រាសាទបុរាណមួយ ក្នុងចំណោមប្រាសាទជាច្រើនក្នុងទឹកដីអង្គរ នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយនេះ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់ IDC-CDI នឹងបំពេញទស្សនៈកិច្ចនៅតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រអង្គរ ដែលរៀបចំឡើងដោយ ឯកឧត្តម សុខ សូកេន តំណាងគណបក្យប្រជាជនកម្ពុជាក្នុងយុវជន IDC-CDI និងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច ផងដែរ ៕
ដោយ ៖ វណ្ណលុក