ថ្នាក់ដឹកនាំ ក្រសួងដែនដី កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា (JCA) នៅទីស្ដីការក្រសួង នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

តាមប្រធានសមាគមជប៉ុន-កម្ពុជា បានឱ្យដឹងថា នេះជាលើកទី៤ហើយ ដែលសមាគមជប៉ុន-កម្ពុជា បានធ្វើទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា ដោយបច្ចុប្បន្ននេះ លោកសង្កេតឃើញថាកម្ពុជាបានអភិវឌ្ឍជឿនលឿនជាងមុនលើការវិនិយោគពីបណ្តាប្រទេសនានា ក្នុងនោះក៏មានជប៉ុនផងដែរ។ លោកបានបញ្ជាក់ថា ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការវិនិយោគពីក្រុមហ៊ុននានារបស់ប្រទេសជប៉ុននៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូ JCA មកកាន់ប្រទេសកម្ពុជា ហើយឯកឧត្តមបានចាត់ទុកថានេះជាពេលវេលាដែលខុសប្លែកពីទស្សនកិច្ចលើកមុន ហើយក៏ជាទស្សនកិច្ចដែលប្រកបដោយឱកាសជាច្រើនសំរាប់សមាគមជប៉ុន-កម្ពុជា។ នេះក៏ជាឱកាសដ៏ល្អសម្រាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលគ្រោងនឹងរៀបចំសន្និបាតប្រចាំឆ្នាំនាសប្តាហ៍ក្រោយ ដែលនឹងមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ពោលគឺនេះជាពេលវេលាប្រកបដោយមោទនភាពរបស់ឯកឧត្តមផ្ទាល់ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងពីលទ្ធផលការងារជាអាទិភាពរបស់ក្រសួងដែលបានអនុវត្តកន្លងមក ក្នុងនោះមានការចុះបញ្ជីដីធ្លីដែលមកដល់ពេលនេះនៅទូទាំងប្រទេសសម្រេចបានជាង ៣លានក្បាលដី និងនៅសល់ត្រឹមតែប្រមាណជា ៥០ម៉ឺនក្បាលដីទៀតប៉ុណ្ណោះនឹងបញ្ចប់រួចរាល់ជាស្ថាពរ ហើយនេះជាលើកទី១ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា ដែលបានបញ្ចប់ការងារចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស។

ចំពោះបញ្ហាវិវាទដីធ្លីមកដល់ពេលនេះ គឺបានដោះស្រាយអស់មកនៅសល់ត្រឹមក្រោម ១០០០ករណីប៉ុណ្ណោះ ដែលកាលពីមុនមានដល់ជាង ១ម៉ឺន៥ពាន់ករណី។ រីឯសេវាសុរិយាដី និងសេវាសំណង់ គឺយើងបានប្រែក្លាយមកជាប្រព័ន្ធឌីជីថល ដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបន្ថែមថា ការងារដែលក្រសួងបានធ្វើនាពេលនេះ បានបង្កើតបរិយាកាសគ្មានវិវាទជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាក្រោយពីបានរួចរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីឱកាសវិនិយោគថ្មីសម្រាប់ជប៉ុនលើវិស័យមួយចំនួន ដូចជានៅខេត្តព្រះសីហនុនឹងមានការពង្រីកផែ ដោយមានមហិច្ឆតានឹងប្រែក្លាយផែនេះឱ្យក្លាយជាផែធំទី២ បន្ទាប់ពីផែនៅប្រទេសសិង្ហបុរី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក៏ជាកន្លែងដ៏សំខាន់មួយសំរាប់បង្កើតការងារដល់ប្រជាជនកម្ពុជា ព្រមទាំងទិសដៅវិនិយោគសំខាន់ៗមួយចំនួនទៀតដែលជប៉ុនអាចចូលរួមសហការបានក្នុងការជួយជំរុញដល់ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា អ្វីៗដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានខិតខំប្រឹងប្រែងធ្វើសព្វថ្ងៃនេះគឺដើម្បីជំរុញឱ្យដំណើរការសេដ្ឋកិច្ចកម្ពុជាប្រព្រឹត្តទៅដោយរលូនទៅមុខ ដោយសង្ឃឹមថានឹងរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%ជារៀងរាល់ឆ្នាំ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner