ឥណ្ឌូណេស៊ីគ្រងតំណែងជាប្រទេសសប្បុរសបំផុតរបស់ពិភពលោក

បរទេស៖ ចំណាត់ថ្នាក់ថ្មីបានបង្ហាញថា ជនជាតិឥណ្ឌូនេស៊ី៩នាក់ ក្នុងចំណោម១០នាក់ បានបរិច្ចាគប្រាក់ ដល់អង្គការសប្បុរសធម៌ ហើយឥណ្ឌូនេស៊ី ៦ នាក់ ក្នុងចំណោម១០នាក់ បានលះបង់ពេលវេលារបស់ពួកគេ ដើម្បីជួយអ្នកដ៏ទៃ ដែលធ្វើឱ្យឥណ្ឌូនេស៊ី ក្លាយជាប្រទេសដែលមានចិត្តសប្បុរសបំផុត នៅក្នុងពិភពលោក នេះបើតាមកាសែត VNepxress ។

យោងតាមសន្ទស្សន៍ការផ្តល់ជំនួយពិភពលោក ហៅកាត់ WGI ប្រចាំឆ្នាំ២០២៤ របស់មូលនិធិសប្បុរសធម៌ CAF បង្ហាញថា ឥណ្ឌូនេស៊ីបានជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល៧ឆ្នាំជាប់ៗគ្នា ដោយបានវ៉ាដាច់ប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៧។ ការស្ទង់មតិ ដែលបានធ្វើឡើងក្នុងឆ្នាំ២០២៣ សំដៅលើការឆ្លើយតប ពីអ្នកចូលរួម ចំនួនប្រមាណ ១៤៥,៧០០ នាក់ នៅទូទាំង ១៤២ប្រទេស និងដែនដី។

អ្នកចូលរួមបានឆ្លើយសំណួរ អំពីសកម្មភាពរបស់ពួកគេ ជុំវិញការបរិច្ចាគប្រាក់ ទៅអង្គការសប្បុរសធម៌, ស្ម័គ្រចិត្តពេលវេលាទៅអង្គការសប្បុរសធម៌ ព្រមទាំង ថាតើអ្នកបានជួយមនុស្សចម្លែក ឬ នរណាម្នាក់ដែរឬទេ? ជាមធ្យម នៃការឆ្លើយតប ជាវិជ្ជមានត្រូវបានគណនាដើម្បីបង្កើតពិន្ទុសន្ទស្សន៍ សម្រាប់ប្រទេសនីមួយៗ ហើយ ពិន្ទុ មានចាប់ពី ០ រហូតដល់ ១០០ ពិន្ទុ ក្នុងនោះ ឥណ្ឌូណេស៊ី ទទួលបាន ៧៤ពិន្ទុ ដើម្បីរក្សាតំណែងកំពូល មួយនេះ។

ប្រទេស កេនយ៉ា បានជាប់ចំណាត់ថ្នាក់លេខ២ ដោយមាន ៦៣ពិន្ទុ ហើយកើនឡើងពីលេខ៣ កាលពីឆ្នាំមុន។ ប្រទេសសិង្ហបុរី បានកើនឡើង១៩ពិន្ទុ ទទួលបាន៦១ពិន្ទុ ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ដោយសារតែគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដែលលើកទឹកចិត្តដល់ការផ្តល់ជំនួយសប្បុរសធម៌ និងការស្ម័គ្រចិត្ត។ ប្រទេសស្ថិតក្នុងចំណោមប្រទេសកំពូលទាំង១០ផ្សេងទៀត រួមមាន ហ្គាំប៊ី, នីហ្សេរីយ៉ា សហរដ្ឋអាមេរិក, អ៊ុយក្រែន, អូស្ត្រាលី អេមីរ៉ាត អារ៉ាប់រួម និងម៉ាល់តា។

គួរបញ្ជាក់ថា សន្ទស្សន៍ការផ្តល់ជំនួយពិភពលោក WGI គឺជាការស្ទង់មតិសកលដ៏ធំបំផុតមួយ លើដែលបានប្រមូលទិន្នន័យ ពីមនុស្សជាងពីរលាននាក់រួចមកហើយ ចាប់តាំងពីឆ្នាំ២០០៩៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner