កិច្ចប្រជុំកំពូល G20 អំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងអ៊ុយក្រែន

បរទេស៖ មេដឹកនាំនៃបណ្តាប្រទេសសេដ្ឋកិច្ចធំៗទាំង២០ របស់ពិភពលោក ហៅកាត់ G20 កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យមានកិច្ចព្រមព្រៀងសកលមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន និង ជំនួយបន្ថែមទៀត សម្រាប់តំបន់ហ្គាហ្សា ដែលហែកហួរដោយសង្រ្គាម និងការបញ្ចប់អរិភាព នៅតំបន់មជ្ឈិមបូព៌ា ព្រមទាំង អ៊ុយក្រែន ដោយបានចេញសេចក្តីប្រកាសរួមមួយ ប៉ុន្តែខ្វះព័ត៌មានលម្អិត អំពីរបៀបសម្រេចគោលដៅ ទាំងនោះ។

សេចក្តីថ្លែងការណ៍រួមត្រូវបានគាំទ្រ ដោយសមាជិកក្រុម G20 ប៉ុន្តែ មិនមានការឯកភាពទាំងស្រុងនោះទេ ដោយ G20 បានប្រកាសថ្កោលទោសសង្គ្រាម ទាមទារសន្តិភាព តែ គ្មានការស្តីបន្ទោស។ សេចក្តីប្រកាសបានសំដៅទៅលើ «ស្ថានភាពមហន្តរាយមនុស្សធម៌នៅតំបន់ហ្គាហ្សា និងការកើនឡើងនៅក្នុងប្រទេសលីបង់» ដោយសង្កត់ធ្ងន់ លើតម្រូវការបន្ទាន់ ដើម្បីពង្រីកជំនួយមនុស្សធម៌ និងការពារជនស៊ីវិលឱ្យកាន់តែប្រសើរឡើង។ G20 បាននិយាយថា «ការបញ្ជាក់ពីសិទ្ធិរបស់ប៉ាឡេស្ទីន ក្នុងការសម្រេចចិត្តដោយខ្លួនឯង យើងសូមរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់យើង ចំពោះចក្ខុវិស័យនៃដំណោះស្រាយរដ្ឋពីរ ដែលអ៊ីស្រាអែល និងរដ្ឋប៉ាឡេស្ទីន រស់នៅជាមួយគ្នា ដោយសន្តិភាព»។

ប៉ុន្តែ មិនបាននិយាយអំពីការរងទុក្ខរបស់អ៊ីស្រាអែល ឬ ចំណាប់ខ្មាំង១០០នាក់ ដែលនៅតែត្រូវបានក្រុមហាម៉ាស ចាប់ឃុំឃាំង ដោយគេដឹងថា អ៊ីស្រាអែលមិនមែនជាសមាជិក G20 នោះទេ។ រហូតមកដល់ពេលនេះ សង្រ្គាមបានសម្លាប់ជនជាតិប៉ាឡេស្ទីន ជាង៤៣,០០០ នាក់នៅហ្គាហ្សា នេះបើយោងតាមមន្ត្រីសុខាភិបាល និងស្លាប់មនុស្សជាង ៣,៥០០ នាក់ នៅក្នុងប្រទេសលីបង់ បន្ទាប់ពីការវាយលុក របស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា នេះបើយោងតាមក្រសួងសុខាភិបាលលីបង់។

ជុំវិញសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនវិញ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនបានចូលរួមកិច្ចប្រជុំកំពូលនេះទេ ហើយបានបញ្ជូនរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ជំនួសមកវិញ។ លោកពូទីន បានជៀសវាងកិច្ចប្រជុំកំពូលបែបនេះ បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចេញដីកាដែលតម្រូវឱ្យរដ្ឋជាសមាជិក ចាប់ខ្លួនរូបលោក។

សេចក្តីថ្លែងការណ៍ G20 បានលើកឡើងពីទុក្ខវេទនារបស់មនុស្សជាតិ ក្នុងប្រទេសអ៊ុយក្រែន ខណៈកំពុងអំពាវនាវរកសន្តិភាព ដោយ មិនបញ្ចេញឈ្មោះ រុស្ស៊ី ចំៗ។ ជុំវិញរឿងនេះ លោក Paulo Velasco សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យរដ្ឋ Rio de Janeiro បាននិយាយថា «សេចក្តីប្រកាសនេះជៀសវាងការចង្អុលដៃ ទៅកាន់ពិរុទ្ធជន»។ លោកថា ពួកគេមិនបាននិយាយរិះគន់អ៊ីស្រាអែល ឬ រុស្ស៊ីទេ ដោយគ្រាន់តែបញ្ជាក់ពីស្ថានភាពមនុស្សធម៌ ក្នុងករណី ទាំងពីរនេះ។ ការណ៍នេះ ត្រូវបាន លោក Velasco បានអះអាងថា សេចក្តីប្រកាសទាំងមូលរបស់ G20 ខ្វះភាពជាក់លាក់៕

ប្រភពពី AP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner