ទីម័រឡេស្តេ អញ្ជើញសម្ដេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការ និងទទួលមេដាយ ថ្នាក់ខ្ពស់បំផុតនាពេលខាងមុខ
(ភ្នំពេញ)៖ ទូតទីម័រឡេស្តេ បាននាំនូវការអញ្ជើញពីថ្នាក់ដឹកនាំ ជូនសម្ដេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការ និងទទួលមេដាយថ្នាក់ខ្ពស់បំផុតទីម័រឡេស្តេ នាពេលខាងមុខ ដើម្បីជាការអរគុណ និងដឹងគុណចំពោះ សម្តេច ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាង និងរក្សាសន្តិភាព នៅក្នុងតំបន់ ក៏ដូចជាជួយដល់ប្រទេសទីម័រឡេស្តេ កន្លងមក ។
ការអញ្ជើញនេះ បានធ្វើឡើងក្នុងដែលឯកឧត្តម អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) ចូលជួបសម្តែងការគួរសម ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងថា គឺជាបុព្វសិទ្ធិ និងកិត្តិយសដ៏ធំធេង ដែលសម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម និងសហការី បានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ ឯកឧត្តម បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ និងបានរំលឹកថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីបានជូនសារតាំងចំពោះប្រមុខរដ្ឋស្ដីទី ឯកឧត្តមបានចូលជួបសំដែងការគួរសម សម្ដេចតេជោ នៅវិមានសន្តិភាព ហើយបានរៀបរាប់ពីការផ្លាស់ប្ដូរ ទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ ដែលក្នុងនោះ គឺទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ ទីម័រឡេស្តេ នៅឆ្នាំ២០១៦ ដើម្បីពង្រឹងនូវទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងទីម័រឡេស្តេ។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំរបស់ ទីម័រឡេស្តេ គឺ ឯកឧត្តម Jose Manuel Ramos-Horta ប្រធានាធិបតី និងឯកឧត្តម Kay Rala Xanana Gusmão ដែលជាអតីតប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានបំពេញទស្សនកិច្ច នៅកម្ពុជា ជាច្រើនលើក ដែលទាំងអស់នេះ បានពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាបងប្អូន រវាងកម្ពុជា និងទីម័រឡេស្តេ ដោយប្រទេសយើងទាំងពីរ មានប្រវត្តិសាស្ត្រស្រដៀងគ្នា ។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអបអរសាទរ ចំពោះជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីឆ្នាំ២០២៣ កន្លងទៅ ដែលនេះ ជាសក្ខីភាព នៃលិទ្ធិប្រជាធិបតេយ្យ ដែលកម្ពុជា បានបង្ហាញទៅកាន់ពិភពលោក ។ ឯកឧត្តម បានធ្វើជាអ្នកសង្កេតការណ៍ នៅក្នុងការបោះឆ្នោត នេះ និងបានជួបជាមួយអ្នកទៅចូលរួមការបោះឆ្នោត ប្រកបដោយទឹកមុខរីករាយ ។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានចាត់ទុកថា សម្ដេចតេជោ គឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែ សម្ដេចតេជោ ក៏ជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ។ ឯកឧត្តម បានកោតសរសើរ ចំពោះការរីកចម្រើនរបស់កម្ពុជា ដោយមានការអភិវឌ្ឍ និងមានវឌ្ឍនភាពលើគ្រប់វិស័យ ហើយឯកឧត្តម បានធ្វើដំណើរទៅខេត្តចំនួន១៩ ដោយក្នុងនោះ ឯកឧត្តម ក៏ធ្លាប់បានធ្វើដំណើរតាមរ៉ឺម៉កកង់បី គឺបានដឹងពីការរស់នៅយ៉ាងល្អប្រសើរពិតប្រាកដរបស់ប្រជាជនកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរនូវសមិទ្ធផល យ៉ាងត្រចះត្រចង់គួរជាទីមោទនៈ ក្នុងពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ កន្លងទៅ ជាពិសេស គឺការជួយជ្រោមជ្រែងរបស់កម្ពុជា ក៏ដូចជាការជួយសម្របសម្រួល ជាមួយប្រទេសជាសមាជិក ៩ផ្សេងទៀត នៅក្នុងអាស៊ាន ដើម្បីអាចទទួលយកទីម័រឡេស្ត ជាសមាជិក បន្ទាប់ពីបានដាក់សំណើ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
ឯកឧត្តម ក៏បានរំលឹកផងដែរថា ប្រជាជនទីម័រឡេស្តេ និងថ្នាក់ដឹកនាំទីម័រឡេស្តេ ជាពិសេស ប្រធានាធិបតី គឺតែងតែលើកឡើងពីមោទនភាពចំពោះសម្ដេចតេជោ និងបាននិយាយពីការងើបឡើងខាងសេដ្ឋកិច្ចរបស់កម្ពុជាដែលមានការរីកមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។
ឯកអគ្គរដ្ឋទូត បានពាំនាំនូវការអញ្ជើញពី ឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេ ជូនសម្ដេចតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងទទួលមេដាយ ថ្នាក់ខ្ពស់បំផុតទីម័រឡេស្តេ នាពេលខាងមុខ ដើម្បីជាការអរគុណនិងដឹងគុណចំពោះ សម្តេច ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនិងរក្សាសន្តិភាព នៅក្នុងតំបន់ ក៏ដូចជាជួយដល់ប្រទេសរបស់ ឯកឧត្តមកន្លងមក ។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ ឯកអគ្គរដ្ឋទូត នូវទំនាក់ទំនងវាងប្រទេសទាំងពីរ ដោយសម្ដេច បានចាត់ទុកថា យើងបានធ្វើការជាមួយគ្នា ដោយឆ្លងកាត់ការលំបាកជាច្រើន ពិសេស ក្នុងសម័យកាលកូវីដ១៩ និងបានធ្វើការជាមួយគ្នា ដើម្បីជំរុញឱ្យទីម័រឡេស្តេ ចូលទៅក្នុងសហគមន៍អាស៊ាន ។
សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណ ចំពោះការអញ្ជើញរបស់ប្រធានាធិបតីទីម័រឡេស្តេ ដោយសម្ដេចតេជោ បញ្ជាក់ថា នឹងរកពេលវេលាសមស្រប ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅទីម័រឡេស្តេសាជាថ្មី។
សម្ដេចតេជោ បានរំលឹកថា មូលហេតុដែលនាំឱ្យសម្ដេច សម្រេចចិត្តទៅបំពេញទស្សនកិច្ចនៅទីម័រឡេស្តេ ឆ្នាំ២០១៦ នោះ គឺទី១) គឺដើម្បីជំរុញទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងទីម័រឡេស្តេ និងទី២) ដើម្បីមើលឃើញជាក់ស្ដែង ពីការអភិវឌ្ឍរបស់ទីម័រឡេស្តេ និងជាការបញ្ជូនសារ ទៅកាន់បណ្ដាសមាជិកអាស៊ានដទៃទៀត ពីវឌ្ឍនភាពទីម័រឡេស្តេ ដែលអាចចូលជាសមាជិកសហគមអាស៊ាន ។
សម្ដេចតេជោ ក៏បានរំលឹកផងដែរថា សម្ដេច តែងតែបានលើកពីប្រទេសទីម័រឡេស្តេ រាល់ពេលកិច្ចប្រជុំនានា ជាពិសេស នៅឆ្នាំ២០១២ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយក សម្ដេចតេជោ ក៏បានថ្លែងផងដែរ ពីការជួយជំរុញឱ្យទីម័ឡេស្តេ បានចូលជាសមាជិកអាស៊ាន ហើយអង្គសន្និបាត បានទះដៃគាំទ្រយ៉ាងខ្លាំង។ សម្ដេចតេជោ បានរំលឹកបន្ថែមថានៅឆ្នាំ២០២២ ពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន សម្ដេចបានជំរុញឱ្យទទួលយក ប្រទេសទីម័រឡេស្តេ ចូលជាប្រទេសសង្កេតការណ៍ ដោយចូលរួមប្រជុំគ្រប់វេទិកាទាំងអស់ ហើយថ្មីៗនេះ កិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើង និងជំរុញឱ្យប្រទេសទីម័រឡេស្តេ បានចូលជាសមាជិកអាស៊ាន ពេញលេញផងដែរ ។
សម្ដេចតេជោ បានកោតសរសើរ និងមានមោទនភាព ចំពោះការរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា និងទីម័រឡេស្តេ ដោយទំហំពាណិជ្ជកម្ម ក៏បានកើនឡើង ពិសេស អរគុណទីម័រឡេស្តេ ដែលបាននាំអង្ករពីកម្ពុជា ចំនួន ៤ពាន់តោន នៅឆ្នាំ២០២៤ ។
សម្ដេចតេជោ បានផ្ដល់ជាអនុសាសន៍ថា ដើម្បីធានាស្ថិរភាព នៃការផ្គត់ផ្គង់ និងសន្តិសុខស្បៀង សម្រាប់ទីម័រឡេស្តេ ទីម័រឡេស្តេ គួរតែពិចារណា លើការវិនិយោគទុននៅកម្ពុជា ដោយបង្កើតឃ្លាំងស្តុក ម៉ាស៊ីនកិនស្រូវ និងបណ្ដាញទិញស្រូវ យកមកកិន ហើយនាំទៅកាន់ប្រទេសទីម័រឡេស្តេ រួមទាំងផលិតផលកសិកម្មផ្សេងៗ និងក្នុងវិស័យចិញ្ចឹមសត្វផងដែរ ។
សម្ដេចតេជោ ក៏បានមានប្រសាសន៍ផងដែរថា យើងមានលទ្ធភាពបំពេញឱ្យគ្នាទៅវិញទៅមក ដោយទីម័រឡេស្តេ មានសមត្ថភាព និងបទពិសោធន៍ ក្នុងការគ្រប់គ្រងថាមពល ហើយកម្ពុជា មានស្បៀង ដែលយើងនឹងអាចផ្លាស់ប្ដូរបទពិសោធន៍ធ្វើអាជីវកម្មជាមួយគ្នា ហើយកម្ពុជា ត្រូវការរៀនសូត្រពីទីម័រឡេស្តេ នូវការគ្រប់គ្រងធនធានប្រេង ដោយកម្ពុជា នៅមិនទាន់បានវិនិយោគ ឬក៏យកផលប្រយោជន៍ពីធនធានប្រេង ដែលមាននៅក្នុងដែនសមុទ្រ និងដែនដីគោកនៅឡើយទេ។
សម្ដេចតេជោ ក៏បានជំរុញឱ្យទីម័រឡេស្តេ បន្តធ្វើការជាមួយសមាជិកអាស៊ានផ្សេងៗទៀត ដើម្បីអាចពន្លឿនដំណើរការក្នុងការចូលជាសមាជិកពេញសិទ្ធិ នៅពេលឆាប់ៗខាងមុខនេះ។ សម្តេច មានសុទិដ្ឋិនិយម ក្នុងការចូលរួមរបស់ទីម័រឡេស្ត នៅក្នុងអាស៊ាន ហើយទីម័រឡេស្តេផ្ទាល់ ក៏ត្រូវត្រៀមលក្ខណៈ ជាប្រធានអាស៊ាន នៅពេលណាមួយខាងមុខ រួមទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានសមរម្យតាមតម្រូវការផងដែរ។
សម្ដេចតេជោ ក៏បានលើកឡើង ពីហេតុផល ដែលសម្ដេច បានដកខ្លួនពីនាយករដ្ឋមន្ត្រី ហើយប្រគល់តំណែង និងផ្ទេរទៅឱ្យអ្នកជំនាន់ក្រោយ ដែលការលះបង់នេះ គឺដើម្បីដោះដូរជាមួយនឹងសុខសន្តិភាព យូរអង្វែង និងការអភិវឌ្ឍបន្តទៅមុខ ។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានជូនពរ ឯកឧត្តមអគ្គរដ្ឋទូត និងសហការី បន្តបំពេញការងារ ប្រកបដោយភាពជោគជ័យ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ