បណ្តាក្រុមហ៊ុនវិនិយោគជប៉ុន ចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា វិស័យឯកជនរបស់ជប៉ុន បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ។ ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍ចំពោះបណ្ដាក្រុមហ៊ុនវិនិយោគជប៉ុន ដែលចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ដឹកនាំបណ្តាក្រុមហ៊ុនវិនិយោគជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានគោរពរាយការណ៍ជូន សម្ដេចបវរធិបតី អំពីវឌ្ឍនភាពនៃការងាររបស់សមាគមក្នុងរយៈពេលកន្លងមក ដែលបានចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និង កម្ពុជា។

ឯកឧត្តមប្រធានសមាគម បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា សមាគមក៏បានបើកដំណើរការិយាល័យរបស់ខ្លួន ប្រចាំនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៤ និងបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា បង្កើតសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈចំនួន៣ ដែលរួមមាន៖ សាលាបណ្ដុះបណ្ដាលជំនាញជួសជុលយានយន្ត, សាលាបណ្ដុះបណ្ដាលជំនាញតុបតែង និងកែសម្ផស្ស និងសាលាបណ្ដុះបណ្ដាលជំនាញវិស្វកម្មព័ត៌មានវិទ្យា។

ឯកឧត្តមប្រធានសមាគម ក៏បន្ថែមថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាឱកាសនេះ មានក្រុមហ៊ុនជប៉ុន​ ចំនួន២៦ បានចូលរួម និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួន​ដូចជា​៖​ វិស័យកសិកម្ម, ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។

ឯកឧត្តមប្រធានសមាគម បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថាសមាគមបានខិតខំផ្សព្វផ្សាយអំពីសក្កានុពលកម្ពុជា ដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុន ជាពិសេស ប្រភេទសហគ្រាសធុនតូច​ និងមធ្យម (SME) ជប៉ុន មកវិនិយោគនៅកកម្ពុជាថែមទៀត ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ ចំពោះសមាគមជប៉ុន-កម្ពុជា ដែលតែងតែបានចូលរួមចំណែក ក្នុងការពង្រឹងទំនាក់ទំនងជប៉ុន-កម្ពុជា ជាពិសេស ការពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ សម្ដេចបវរធិបតី បានអបអរសាទរ សមាគមជប៉ុន-កម្ពុជា ដែលបានបង្កើតការិយាល័យ នៅកម្ពុជា និងសាលាបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈទាំងបី ខាងលើ។

សម្ដេចបវរធិបតី បានលើកឡើងថា វិស័យឯកជន របស់ជប៉ុន បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ។ សម្ដេចបវរធិបតី ក៏បានសម្ដែងនូវការស្វាគមន៍ ចំពោះបណ្ដាក្រុមហ៊ុនវិនិយោគជប៉ុន ដែលចាប់អារម្មណ៍ ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ។

បន្ថែមលើនេះ សម្ដេចបវរធិបតី បានបញ្ជាក់ថា ការណ៍ដែលសមាគមខិតខំ ជំរុញប្រភេទក្រុមហ៊ុន SME ជប៉ុន មកវិនិយោគនៅកម្ពុជានេះ គឺស្របទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការជំរុញ និងលើកកម្ពស់ SME នៅកម្ពុជា ក្នុងការបង្កើតទៅជាខ្សែច្រវាក់ផលិតកម្មមួយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

សម្ដេចបវរធិបតី ក៏បានគូសអំពីការដាក់ចេញ នូវគោលនយោបាយ និងវិធានការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកទឹកចិត្ត និងធានាបរិស្ថានធុរកិច្ចនិងការវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។

ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សរបស់សមាគម សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យសមាគម ពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំផែនការឱ្យបានច្បាស់លាស់​ស្របទៅនឹងតម្រូវការជាក់ស្តែង ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner