ក្រសួងអប់រំប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ជាតិនៅខេត្តសៀមរាប
សៀមរាប៖ក្រសួងអប់រំ យុវជន និងកីឡា បានប្រជុំបូកសរុបចលនា ប្រឡងប្រណាំង៣ល្អ”កូនល្អ សិស្សល្អ មិត្តល្អ”ថ្នាក់ជាតិរបស់ក្រុម ប្រឹក្សាយុវជនកម្ពុជានិងក្រុមប្រឹក្សាកុមារកម្ពុជារយៈពេល២ថ្ងៃ នៅថ្ងៃ ទី១៩ និងទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគាររីជិនស៊ីអង្គរ ខេត្តសៀមរាប។
ចលនាប្រឡងប្រណាំង៣ល្អ ក្រោមប្រធានបទ ៖ “ការចាប់ផ្តើមរបស់កុមារ និងយុវជនដើម្បីក្លាយខ្លួនជាប្រជាពលរដ្ឋ ឌីជីថល” ។កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីលោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន និងមានការចូលរួមពីប្រធានប្រតិភូដឹកនាំ និងបេក្ខជនជាសមាជិកក្រុមប្រឹក្សាយុវជនកម្ពុជានិងសមាជិកក្រុមប្រឹក្សាកុមារកម្ពុជាដែលជាសិស្សានុសិស្សមកពីរាជធានី ខេត្ត ទាំង២៥ ។
លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំ យុវជន និងកុមារបានលើកឡើងពីគោលបំណងនៃការបង្កើតចលនាប្រឡងប្រណាំងគឺដើម្បីលើកទឹកចិត្ត និងគាំទ្រដល់សមាជិក និងក្រុមប្រឹក្សាឆ្នើមប្រចាំឆ្នាំសិក្សានីមួយៗ។ទន្ទឹមនេះក្រសួងអប់រំ តែងតែរៀបចំកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ “កូនល្អ សិស្សល្អ និងមិត្តល្អ” នេះឡើង ក្នុងគោលបំណងផ្តល់ឱកាសដល់ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា ធ្វើការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកទៅលើការអនុវត្តសកម្មភាពក្រុមប្រឹក្សានៅក្នុងសាលារៀន ។តាមការបញ្ជាក់របស់លោកប្រធាននាយកដ្ឋាន សកម្មភាពលើបរិស្ថាន អនាម័យ សោភណសាលារៀន ការគាំទ្រដល់ការរៀននិងការបង្រៀនក្រៅម៉ោងសិក្សា ការលើកកម្ពស់បំណិន ការគោរពវិន័យ និងសីលធម៌វិជ្ជមានសម្រាប់យុវជន និងកុមារជាដើម គឺស្ថិតក្នុងចលនាប្រឡងប្រណាំងនេះ ។
លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជនបានថ្លែងថា ចលនា៣ល្អរបស់យុវជន និងកុមារជាចំណែកមួយ ដ៏សំខាន់បំផុតក្នុងគោលដៅនៃការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។លោកជំទាវបន្តថា ការរៀបចំកម្មវិធីប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ របស់ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា គឺសំដៅបណ្តុះបំណិនសតវត្សរ៍ទី២១ និងសម្បទាចំនួន៤ប្រចាំជីវិតគឺ វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា៕
ដោយ៖ ប៊ុន រដ្ឋា