រដ្ឋបាលខេត្តព្រះវិហារអបអរទូកង”កោះកេរធិបតី” ដែលទទួលជ័យលាភីពានរង្វាន់លេខ៣ ទូទាំងប្រទេស
ព្រះវិហារ៖រដ្ឋបាលខេត្តព្រះវិហារឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ,ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការនៃមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានប្រារព្ធពិធីអបអរសាទរទូកង”កោះកេរធិបតី” ដែលឈ្នះលើការប្រកួត និងទទួលជ័យលាភីពានរង្វាន់លេខ៣ ទូទាំងប្រទេស ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ (១៤-១៥-១៦ វិច្ឆិកា ២០២៤) នៅរាជធានីភ្នំពេញ ។
ពិធីអបអរបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ។ទូកង”កោះកេរធិបតី” ត្រូវបានដង្ហែនៅតាមដងផ្លូវសំខាន់ៗជាច្រើនក្នុងក្រុងមុន នឹងយកមកតម្កល់នៅជាប់គោបុរៈទី៥ នៃប្រាសាទព្រះវិហារ នៅក្នុងបរិវេណសាលាខេត្ត ។
គួរបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃ គឺនៅថ្ងៃទី១៦ ខែវិច្ឆិកា ដែលជាថ្ងៃផ្តាច់ព្រ័ត្រ ទូកអុំគូរពិសេស ជាប់ចំណាត់ថ្នាក់លេខ១ បានទៅលើទូកង «តេជោកែវវិជ័យបារមីចៅសែន» មកពីខេត្តពោធិ៍សាត់, ទូកលេខ២ បានទៅលើទូកង «សារាយតេជោសែនជ័យ» មកពីខេត្តកណ្ដាល និងជ័យលាភីលេខ៣ បានទៅលើទូកង «កោះកេរធិបតី» មកពីខេត្តព្រះវិហារ ដែលជាទូករបស់រដ្ឋបាលខេត្តព្រះវិហារ។
នៅក្នុងព្រះរាជបុណ្យអុំទូកឆ្នាំ២០២៤ ខេត្តព្រះវិហារបានបញ្ជូនទូកងចំនួនពីរគ្រឿងមកចូលរួមប្រកួតប្រជែង នៅរាជធានីភ្នំពេញដោយទទួលបានជ័យលាភីជូនរដ្ឋបាលខេត្ត គឺ ១.ទូកងឈ្មោះ «កោះកេរធិបតី» ចំណាត់ថ្នាក់លេខ៣ និង ២-ទូកង ឈ្មោះ «ព្រះខ័នធិបតី» ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៦១៕
ដោយ៖ឡុង សំបូរ