ឯកឧត្តម ឃួន ផុនរតនៈ ទទួលជួប ឯកអគ្គរាជទូតអេស្ប៉ាញ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ
(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយឯកឧត្តម Felipe DE MORENA CASADO ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រអេស្ប៉ាញ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។
ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រទាំងពីរ ហើយបានពិភាក្សាអំពីមធ្យោបាយ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យនានា ដែលជាផលប្រយោជន៍រួម។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដោយស្មោះ ដល់រដ្ឋាភិបាលអេស្ប៉ាញ ចំពោះជំនួយដ៏មានតម្លៃ ជូនកម្ពុជា ជាពិសេសជំនួយដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ឆ្លៀតឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់កម្ពុជាទៅកាន់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ ចំពោះករណីគ្រោះទឹកជំនន់នាពេលថ្មីៗនេះ នៅក្នុងតំបន់ Valencia។
ឯកឧត្តមឯកអគ្គរាជទូត បានអបអរសាទរកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរនាពេលខាងមុខ ស្តីពីពិភពលោកគ្មានមីន និងបានកោតសរសើរចំពោះការរួមចំណែករបស់កម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តឥតងាករេ ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម ៕
ដោយ/សួងពិសិដ្ឋ