ផ្លែទុំ និង សំបកគ្រាប់ផ្លែចន្ទី ផ្តល់ផលប្រយោជន៍ទាំងធ្វើជា ភេសជ្ជៈ ជីកសិកម្ម ធ្វើគ្រឿងសំអាង ប្រេង និងធ្យូង

(ភ្នំពេញ)៖ ផ្លែទុំរបស់ដំណាំចន្ទី គេអាចប្រើជាគ្រឿងស្រវឹង ភេសជ្ជៈច្រើនមុខ និងចំណែក សំបកគ្រាប់ផ្លែចន្ទីវិញគេអាចប្រើបានទាំងប្រេង គ្រឿងសំអាង ធ្យូងអនាម័យ និងពិសេសនោះគឺធ្វើជីសរីរាង្ក។

កាលពីមុននេះផ្លែចន្ទី គេគ្រាន់តែគិតថាផ្លៃទុំរបស់វា គេអាចប្រើយកមកបរិភោគ​បាន​ខ្លះៗ និងពិសេសគ្រាប់របស់វា គេអាចលីងទុកបរិភោគយ៉ាងឈ្ងុយឆ្ងាញ់ពិសារ។ទោះ​បី​យ៉ាងណាដំណាំមួយប្រភេទនេះមិនដូច្នេះទេ គេអាចគេកែច្នៃផ្លែចន្ទី និងសំបក​រប​ស់​​វាមកធ្វើជារបស់ហូបចុក និងគ្រឿង​សម្ភារៈប្រើប្រាស់បានច្រើនមុខ​ទៀតណាស់ ។

ទា​ក់ទិនក្នុងរឿងនេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹ​ង​ថា៖ផ្លែទុំរបស់គ្រាប់ចន្ទីគឺបានផ្តល់នូវអត្ថប្រយោជន៍ច្រើនយ៉ាងក្នុងនេះ​ដូចជា​ច្របាច់​យកទឹករបស់វាមកធ្វើជា ស្រា និងគ្រៀងភេសជ្ជៈ។ទោះបីយ៉ាងណាបើតាមអ្នក​ជំនាញ​បានឱ្យដឹងថាផ្លែទុំរបស់ចន្ទីដែលបេះ គេមិនអាចទុកបានយូរទេបើករណីយក​ទៅធ្វើ​​ការច្របាច់យកទឹកទេ ពោលគឺក្រោយការបេះហើយរយៈពេល ២ម៉ោង​គេនឹង​ត្រៀមធ្វើការច្របាច់យកទឹកហើយ បើពុំនោះទេវានឹងខូចគុណភាព។ ចំណែក​គ្រាប់​វាវិញក៏ដូច្នេះដែរបើជាផ្លែទុំបេះគឺពុំសូវមានរស់ជាតិឈ្ងុយឆ្ងាញ់ដែរ ហេតុនេះ​គេទុកឱ្យវាទុំជ្រុះទើបជាគ្រាប់ល្អបំផុត។ក្រៅពីនេះផ្លែទុំគេអាចហាល​យកមកប្រើធ្វើជាចំណីសត្វបានទៀតផង។

លោក អួន ស៊ីឡុតបានឱ្យដឹងបន្ថែមថា៖”គ្រាប់ចន្ទីខ្មែរមានលក្ខណៈល្អលើសគេ ពិសេសប្រភេទពូជ M23 គឺជាពូជគ្រាប់ធំជាងគេ និងឈ្ងុយឆ្ងាញ់ជាងគេដែរ។សម្រាប់ M23នេះគ្រាប់របស់វាធំ ហេតុនេះសំបកជាប់គ្រាប់របស់វានោះក៏ធំដែរ។ហេតុនេះនៅពេលសំបកគ្រាប់វាធំយើងក៏អាចគាបយកប្រេងបានច្រើន។សម្រាប់សំបកជាប់គ្រាប់ពី៣ទៅ៤គីឡូក្រាម គេអាចគាបយកគ្រាប់បាន ១គីឡូក្រាម។សម្រាប់ប្រេងនេះយើងអាចយកទៅកែច្នៃជា គ្រឿង សំអាង អាចយកទៅធ្វើប្រេងម៉ាហ្សូត ឬប្រេងលាបកប៉ាល់ដើម្បីកុំឱ្យវាជាប់ស្លែក្នុងទឹក។

ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានលើកឡើងដោយបញ្ជាក់ដែរថាសំបករបស់គ្រាប់ចន្ទីនៅពេលដែលគេគាបចុងក្រោយនោះគឺគេអាចយកទៅធ្វើជាធ្យូងឧស្សាហកម្ម ឬធ្វើជាជីសរីរាង្គ។

លោកថា”មកដល់ពេលនេះសមាគមចន្ទីកម្ពុជាកំពុងនិយាយអំពីកាកសំណល់ចុងក្រោយ​នេះដោយយើងចង់ឱ្យសំណល់សូន្យ។សមាគមចន្ទីកម្ពុជា​កំពុងតែ​ទំនាក់​ទំនងជាមួយក្រុមហ៊ុនប្រទេសសិង្ហបុរីដើម្បីវិនិយោគលើផ្នែកមួយនេះ។អ្វីដែល​យើង​ត្រូវការគឺក្រុមហ៊ុនកែច្នៃ រោងចក្រកែច្នៃ ឱ្យបានច្រើន រោងចក្រគាប្រេង និង កាក​សំណល់ចុងក្រោយយើងអាចយកមកកែច្នៃវាបានទៀត”។

គួរបញ្ជាក់ថាស្វាយចន្ទី ជាដំណាំកសិកម្មដែលស្ថិតនៅក្នុងចំណោមដំណាំ ដ៏មាន​សក្តានុពលរបស់កម្ពុជាក្នុងនេះមានដូចជាស្រូវ និងស្វាយចន្ទី។ទោះបីយ៉ាងណា ដំណាំមួយប្រភេទនេះក៏ទាមទារឱ្យមានការថែទាំ និងបច្ចេកទេសក្នុងការដាំ​ទើប​ទទួល​បានទិន្នផលខ្ពស់ ហើយប្រាក់កម្រៃក៏ទទួលបានច្រើនទៅតាមនោះដែរ។

អ្នកជំនាញបានក្រើន រំលឹកដែរថា៖ដើម្បីកាត់បន្ថយផលប៉ះពាល់ ក៏ដូចជាការខាត​បង់​លើ​ដំណាំស្វាយចន្ទី កសិករត្រូវអនុវត្តនូវចំណុចសំខាន់ៗមួយចំនួនរាប់​ចាប់ពីការ​ជ្រើសរើសពូជ ការរៀបចំដី ការដាំដុះ ការថែទាំ ក៏ដូចជាការគ្រប់គ្រងសត្វល្អិតចង្រៃ និងជំងឺផង៕

ដោយ ៖ ម៉ាដេប៉ូ
រូប ៖ រចនា,ភារ៉ា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner