ព្រឹកនេះ សម័យប្រជុំរដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ ឯកឧត្តម ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេស ១១២លើ ១១២សម្លេង

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប គឺឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសឯកឧត្តម សុខ ចិន្តាសោភា ដោយសម្លេងគាំទ្រ ១១២លើ១១២សម្លេង។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋាភិបាលបានធ្វើសំណើសុំដោះដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅកាន់រដ្ឋសភា។ បន្ទាប់ពីទទួលការស្នើសុំនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិនិត្យលើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប ។

ឯកឧត្តម សុខ ចិន្តាសោភា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ប្រាក់ សុខុន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។

កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ព្រឹទ្ធសភា សម័យប្រជុំលើកដំបូង នៃព្រឹទ្ធសភា នីតិកាលទី៥ បានបោះឆ្នោតគាំទ្រឯកឧត្តម ប្រាក់ សុខុន ឱ្យធ្វើជាអនុប្រធានទី១ ដោយសំឡេងគាំទ្រ៦២/៦២រូប។

សូមរម្លឹកថា ឯកឧត្តម ប្រាក់ សុខុន បានមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួសឯកឧត្តម ហោ ណាំហុង កាលពីឆ្នាំ២០១៦ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner