តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ចាត់ទុកសម្តេចតេជោ ជាឥស្សរជនសកលលោកមានកេរ្តិ៍ឈ្មោះល្បី នៅក្នុងប្រវត្តិសាស្ត្រ
(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា លោកស្រី ថូហ្វីកា ហ៊ុក តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំនៅកម្ពុជា បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនសកលលោក មានកេរ្តិ៍ឈ្មោះល្បីមួយរូប នៅក្នុងប្រវត្តិសាស្ត្រ ។
ក្នុងជំនួបនេះ លោកស្រី ថូហ្វីកា ហ៊ុក បានបង្ហាញក្តីរីករាយចំពោះឱកាសជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន។
លោកស្រី បានលើកឡើងថា សម្តេចតេជោ មិនត្រឹមជាមេដឹកនាំដ៏សំខាន់មួយរូប ដែលបានបញ្ចប់សង្គ្រាម និងរកសុខសន្តិភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្តេចតេជោ ក៏មានតួនាទីដ៏ធំធេងក្នុងតំបន់ ហើយជាឥស្សរជនក្នុងសកលលោក ដែលមានកេរ្ត៍ឈ្មោះល្បីក្នុងប្រវត្តិសាស្រ្ត។
ក្នុងជំនួបនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានជម្រាបលោកស្រីតំណាង IFC ពីមូលហេតុដែលសម្ដេចបានលះបង់អំណាចពីនាយករដ្ឋមន្ត្រី នៅពេលសម្ដេចនៅមានការគាំទ្រច្រើនផងដែរ។
សម្តេចតេជោ បានបញ្ជាក់ថា ការលះបង់ នេះ គឺជាការលះបង់មួយដែលសម្ដេចមិនចង់ឱ្យមានការប្រថុយប្រថានក្នុងវិបត្តិមេដឹកនាំ នៅពេលមានការផ្លាស់ប្ដូរអំណាចនោះទេ គឺដើម្បីរក្សាបានសុខសន្តិភាពយូរអង្វែង ។
សម្ដេចតេជោ ក៏បានបង្ហាញនូវមោទនភាព ដែលកន្លងមកនេះ កម្ពុជា បានប្រើប្រាស់ថាមពលបៃតងជាង៦០% ដែលអាចឈានដល់ ៧០% នាប៉ុន្មានឆ្នាំខាងមុខ តាមរយៈការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលមានដូចជាសូឡាពន្លឺព្រះអាទិត្យ និងខ្យល់ជាដើម ក្នុងនោះយើងក៏បានប្រើប្រាស់ដីធ្លី ឱ្យទៅជាគម្របបៃតង ក្នុងការដាំដំណាំផ្សេងៗដូចជា ស្វាយចន្ទី កៅស៊ូ និងដំណាំឧស្សាហកម្មផ្សេងទៀត ដែលជួយដល់ការរីកចម្រើននៃគម្របព្រៃឈើផងដែរ។
ដោយឡែកទំហំពាណិជ្ជកម្មរបស់កម្ពុជា ក៏មានការកើនឡើងប្រមាណ ២០% ក្នុងរយៈពេលកន្លងមកនេះ ហើយសម្ដេចតរជោ សង្ឃឹមថា លោកជំទាវ នឹងរួមចំណែកដល់ការអភិវឌ្ឍដល់កម្ពុជា និងជួយជំរុញកម្ពុជា ឱ្យក្លាយទៅជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕
ដោយ ៖ វណ្ណលុក