ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ ការផ្តល់ឈាម គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតនិងបញ្ចូលក្នុងគុណសម្បត្តិវិជ្ជាជីវៈមន្ត្រីរាជការ
(ភ្នំពេញ)៖ ក្នុងពិធីសប្បុរសធម៌បរិច្ចាគឈាម ក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត” នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងថា ការរៀបចំកម្មវិធីនេះ គឺជាការផ្តល់សក្ខីកម្មបង្ហាញពីទឹកចិត្តសប្បុរស និងការប្ដេជ្ញាចិត្តរបស់មន្ត្រីរាជការរបស់យើងដែលបានមករួមគ្នាដើម្បីគាំទ្រកិច្ចការដែដលមានសារៈសំខាន់ចំពោះសុខុមាលភាពរបស់ប្រជាជនយើង។
ការផ្តល់ឈាម គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតអ្នកដទៃ ហើយការផ្តល់ឈាមនេះទៀតសោត ក៏ត្រូវបានរាប់បញ្ចូលក្នុងគុណសម្បត្តិវិជ្ជាជីវៈមន្ត្រីរាជការផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រី បន្ថែមថា តម្រូវការឈាម គឺជាតម្រូវការចាំបាច់ជាក់ស្តែងនៅចំពោះមុខ ដោយហេតុថា មានអ្នកជំងឺ ជាច្រើនដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ហើយកំពុងត្រូវការឈាមដើម្បីសង្គ្រោះអាយុជីវិត។
រហូតមកដល់ពេលនេះ ទោះបីជាបច្ចេកវិទ្យាផ្នែកសុខាភិបាលមានការរីកចម្រើនយ៉ាងណាក៏ ដោយ ប៉ុន្តែមិនមានប្រទេសជឿនលឿនណាមួយដែលអាចផលិតឈាមសិប្បនិម្មិតបានឡើយ ពោលគឺ ឈាមត្រូវបានផលិតដោយមនុស្សខ្លួនឯងតែប៉ុណ្ណោះ ដូចនេះ ប្រសិនបើមិនមានការបរិច្ចាគឈាមទេនោះ គឺមិនមានឈាមសម្រាប់យកទៅជួយសង្គ្រោះអាយុជីវិតអ្នកដែលកំពុងត្រូវការឈាមនោះឡើយ។ ជាងនេះ ទៅទៀត ការបរិច្ចាកឈាម គឺជាការបង្ហាញពីទឹកចិត្តការស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នក ជំងឺដែលត្រូវការឈាមជាចាំបាច់។ ជាការពិតណាស់ គ្រប់ក្រុមគ្រួសារប្រាកដជាមានសាច់ញាតិ បងប្អូន ដែលធ្លាប់ឈឺ ហើយត្រូវការឈាមដើម្បីសង្គ្រោះ។ អ្នកផ្តល់ឈាមទាំងអស់ គឺជាវីរៈបុរស ហើយការផ្តល់ឈាម គឺជាកិច្ចការមនុស្សធម៌មួយដ៏ល្អប្រសើរ។
ដោយមានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា ជារៀងរាល់ ៥នាទីម្តង កម្ពុជាត្រូវការឈាម ១ប្លោក ហើយតម្រូវការប្រចាំថ្ងៃ មានចន្លោះពី៣០០ទៅទៅ៤០០ ប្លោក ដើម្បីសង្គ្រោះជីវិតមនុស្ស ខណៈការស្ម័គ្រចិត្តផ្តល់ឈាមមាន ចំនួនតិចនៅឡើយ។ ការបរិច្ចាគ ឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណា អាចផលិតបានទេ ប៉ុន្តែរាងកាយមនុស្សអាចផលិតវិញដោយខ្លួនឯង។
ការផ្តល់ឈាម គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតអ្នកដទៃ ដូចមានពាក្យមួយ ឃ្លាថា “ផ្តល់ឈាម ផ្តល់ជីវិត” ហើយការផ្តល់ឈាមផ្តល់ឈាមនេះទៀតសោត ក៏នឹងត្រូវបានរាប់បញ្ចូល ក្នុងគុណសម្បត្តិវិជ្ជាជីវៈមន្ត្រីរាជការផងដែរ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា