បេសកជនពិសេសអាមេរិកទៅលីបង់ ជំរុញបទឈប់បាញ់អ៊ីស្រាអែល និង ក្រុមហេសបូឡា
បេរូត ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់បានរាយការណ៍ថា បេសកជនពិសេសអាមេរិក បានមកដល់ទីក្រុងបេរូតហើយ កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាលើសំណើរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា លីបង់។
សហរដ្ឋអាមេរិកបានដាក់សំណើបទឈប់បាញ់ទៅប្រទេសលីបង់កាលពីសប្តាហ៍មុន ខណៈដែលក្រុមហេសបូឡា តាមសេចក្តីរាយការណ៍ ក៏បានបញ្ជូនការឆ្លើយតបរបស់ពួកគេទៅកាន់រដ្ឋាភិបាលលីបង់ផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមបូព៌ាបានរាយការណ៍ថា នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បាននិយាយថា ប្រទេសរបស់លោកមានភាពវិជ្ជមានចំពោះសំណើរបស់សហរដ្ឋអាមេរិក ប៉ុន្តែការពិភាក្សា គឺទាមទារលើចំណុចសំខាន់ៗមួយចំនួន។ លោក Mikati បន្តថា គាត់ចង់ពិភាក្សាអំពីបញ្ហានេះជាមួយប្រេសិតពិសេសអាមេរិក លោក Amos Hochstein។
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានបន្តកាលពីថ្ងៃអង្គារម្សិលមិញ។ ប្រព័ន្ធផ្សព្វផ្សាយលីបង់បានរាយការណ៍ថា មនុស្ស៥នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅទីក្រុងបេរូតកាលពីថ្ងៃចន្ទ។
រដ្ឋាភិបាលលីបង់បាននិយាយថា រហូតមកដល់ពេលនេះ មនុស្សចំនួន៣.៥១៦នាក់ហើយបានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។
ចំណែកយោធា អ៊ីស្រាអែល បាននិយាយថា ខ្លួនបានរងការវាយប្រហារដោយគ្រាប់មីស៊ីលឆ្លងកាត់ពីប្រទេសលីបង់ចូលទៅភាគខាងជើង និងភាគកណ្តាលអ៊ីស្រាអែល កាលពីថ្ងៃអង្គារ។ ភ្លាមៗ អាជ្ញាធរអ៊ីស្រាអែលថា មនុស្ស៤នាក់បានរងរបួសនៅភាគកណ្តាលអ៊ីស្រាអែល៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា


