ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បើកកិច្ចពិភាក្សាស្តីពី រដ្ឋាភិបាលឌីជីថល ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅរដ្ឋាភិបាលឆ្លាត”
(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងសន្និសីទស្តីពី ការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅរដ្ឋាភិបាលឆ្លាត” នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស ពីក្រសួង ស្ថាប័ន តំណាង វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ផងដែរ។
ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានគូសបញ្ចាក់ថា សន្និសីទស្តីពី ការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅរដ្ឋាភិបាលឆ្លាត” ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា អគ្គលេខាធិការដ្ឋានគណៈកម្មាធិការឌីជីថល និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ GIZ ព្រមទាំងដៃគូពាក់ព័ន្ធ ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងស្ថានទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា ក្នុងគោលបំណង ជាវេទិកាមួយដែលប្រមូលផ្តុំទៅដោយអ្នកដឹកនាំបរិវត្តកម្មឌីជីថល មន្ត្រីបង្គោលក្នុងអង្គភាពបរិវត្តកម្មឌីជីថល នៅតាមក្រសួង ស្ថាប័ននានា ក៏ដូចជាដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនធុរកិច្ចថ្មី ដើម្បីអាចផ្លាស់ប្តូរបទពិសោធន លើការវាយតម្លៃបច្ចេកវិទ្យាចុងក្រោយ កាលានុវត្តភាព ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ។
ឯកឧត្តម រដ្ឋមន្រ្តី បន្ថែមថា សន្និសីទនេះជាការចាប់ផ្តើមថ្មីមួយទៀត ក្នុងកិច្ចការអនុវត្តសកម្មភាពអាទិភាពដែលមានកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ផ្សារភ្ជាប់នឹងទំនាក់ទំនង ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ តាមរយៈការជំរុញកិច្ចសន្ទនា ការផ្លាស់ប្ដូរបទពិសោធ និងការបញ្ជ្រាបការយល់ដឹងពីការចាប់យកនិងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ព្រមទាំងការស្វែងយល់ពីបញ្ហាប្រឈមនិងដំណោះស្រាយកន្លងមក ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរវាង ក្រសួង ស្ថាប័នក្នុងរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងដំណើរបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងគាំទ្រដល់ការអនុវត្ត គោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា និងការ សម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានបន្តថា ចរន្តនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ កំពុងជះឥទ្ធិពលមិនធ្លាប់មានពីមុនមកលើសេដ្ឋកិច្ចនិងសង្គមកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបញ្ញាសិប្បនិម្មិត ការវិភាគទិន្នន័យ អិនធឺណិតនៃវត្ថុជាដើម។ បច្ចេកវិទ្យាឌីជីថលទាំងនេះធ្វើឱ្យមានភាពប្រសើរឡើងក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងបាននិងកំពុងជំរុញផលិតភាពនៃការបំពេញការងារក្នុងវិស័យឆ្អឹងខ្នងសំខាន់ៗ ដែលពាក់ព័ន្ធផ្ទាល់ទៅនឹងការរស់នៅប្រចាំថ្ងៃ ដូចជា វិស័យអប់រំ សុខាភិបាល ទីផ្សារការងារ ធុរកិច្ច និងរដ្ឋបាលសាធារណៈ ជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥- ជា ពិសេសនៅក្នុង គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥-បានដាក់ចេញនូវគោលដៅជាយុទ្ធ សាស្ត្រសំខាន់មួយគឺ “ការកសាងអភិបាលកិច្ចនិងសេវាសាធារណៈឌីជីថល” សំដៅរៀបចំក្របខណ្ឌគោល នយោបាយ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ស្តង់ដានិងនិម្មាបនកម្មរដ្ឋាភិបាលឌីជីថល និងការធ្វើបរិវត្ត កម្មរដ្ឋាភិបាលឌីជីថលនិងសេវាសាធារណៈ ដូចជា ការធ្វើឱ្យប្រសើរសេវាពីរដ្ឋាភិបាលទៅរដ្ឋាភិបាល ធ្វើឱ្យប្រសើរសេវាសាធារណៈពីរដ្ឋាភិបាលសម្រាប់ប្រជាពលរដ្ឋ (G4C) និងការធ្វើឱ្យប្រសើរសេវាស ដ្ឋាភិបាលទៅធុរកិច្ច (G2B)៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា