នគរបាលខណ្ឌឫស្សីកែវ ទទួលបានទឹកបរិសុទ្ធ និងភេសជ្ជៈ ក្រោយចូលរួមការពារសន្តិសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយជោគជ័យ
(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ តំណាង ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចែកជូននូវទឹកពិសារបរិសុទ្ធកម្ពុជា ភេសជ្ជៈអាយស៍ (IZE) ភេសជ្ជៈ BOOSTRONG និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និង លោកអ្នកឧកញ៉ា ឧកញ៉ា លោកជំទាវឧកញ៉ា លោកជំទាវ លោក លោកស្រី ជាសប្បុរសជន ជូនដល់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
អណោយរបស់សប្បុរសជន បានផ្ដល់ជូននេះ ក្រោយពេលកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ ។
ក្នុងនាមកម្លាំងនគរបាលខណ្ឌឫស្សីកែវ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងសូមគោរពជូនពរលោកអភិបាល និងសប្បុរសជន ទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ វណ្ណលុក