Hezbollah ប្រយ័ត្ននឹងបទឈប់បាញ់ រៀបចំដោយអាមេរិក
បរទេស៖ មេធំពួក Hezbollah បាននិយាយថា ក្រុមរបស់ខ្លួនបានដាក់ការកត់សម្គាល់ ដោយការប្រយ័តុ្ន លើផែនការបទឈប់បាញ់ របស់សហរដ្ឋអាមេរិក ដើម្បីឈានដល់ការបញ្ចប់សង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ ទាំងនេះ។
លោក Naim Qassem បាននិយាយ នៅក្នុងសុន្ទរកថា កាលពីថ្ងៃពុធ ថា «ឥឡូវនេះ ពួកគេកំពុងនិយាយថា មានឯកសារសម្រាប់ការចរចា។ យើងបានទទួលក្រដាសនេះ អានវាដោយប្រុងប្រយ័ត្ន និងធ្វើការកត់សម្គាល់មួយចំនួន»។
មេដឹកនាំក្រុម Hezbollah បាននិយាយថា អ៊ីស្រាអែលមិនអាចដាក់លក្ខខណ្ឌ សម្រាប់បទឈប់បាញ់ នៅក្នុងប្រទេសលីបង់បានទេ ខណៈដែលបេសកជនអាមេរិក លោក Amos Hochstein បំពេញទស្សនកិច្ច ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីព្យាយាមចរចា បញ្ចប់សង្គ្រាម។
លោក Naim Qassem បាននិយាយថា «អ៊ីស្រាអែលមិនអាចយកឈ្នះយើង និងមិនអាចដាក់លក្ខខណ្ឌរបស់ខ្លួន មកលើយើង នោះទេ»។ លោក Qassem បានបន្ថែមថា ក្រុមប្រដាប់អាវុធរបស់លោក បានស្វែងរក «ការបញ្ចប់ពេញលេញ និងទូលំទូលាយ ចំពោះការឈ្លានពាន» និង «ការរក្សាអធិបតេយ្យភាព របស់ប្រទេសលីបង់»។
យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar នៅក្នុងសេចក្តីថ្លែងការណ៍ ដំណាលគ្នាមួយ បាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់ ណាមួយកើតមានបាន លុះតែមានការធានាថា អ៊ីស្រាអែលនៅតែមាន «សេរីភាពក្នុងការធ្វើសកម្មភាព» កំចាត់ក្រុមហេសបូឡា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត