ហ្គាតេម៉ាឡារឹបអូសកូកាអ៊ីនជិត៤តោនបំបែកកំណត់ត្រា
បរទេស៖ យោធាបាននិយាយថា ឆ្មាំឆ្នេរសមុទ្រនៃប្រទេស ហ្គាតេម៉ាឡា បានបំបែកកំណត់ត្រាថ្មី រឹបអូសបាននូវ សារធាតុញៀន កូកាអ៊ីន ជិត៤តោន ដែលត្រូវបានដឹកជញ្ជូន តាមកប៉ាល់។
អ្នកនាំពាក្យកងទ័ព លោកស្រី Ann Marie Argueta បានប្រាប់ថា កងកម្លាំងល្បាតបានប្រទះឃើញនាវានេះ នៅលើសមុទ្រ ថ្មីៗនេះ ជាហេតុនាំឱ្យក្រុមឈ្នួញដឹង ហើយបានបង្កើនល្បឿនបើកគេចខ្លួន យ៉ាងណាក៏ដោយ ទូកនោះបានជាប់គាំង នៅឆ្នេរ ការាបៀន។ យ៉ាងណាមិញ នាវិកលើកប៉ាល់ បានរត់គេចខ្លួនបាត់។
លោកស្រីបានប្រាប់អ្នកយកព័ត៌មានទៀតថា នៅលើនាវានោះ មន្រ្តីបានរកឃើញកាបួបចំនួន១៥៧ ដែលមានផ្ទុកសារធាតុ កូកាអ៊ីន សរុបចំនួន ៣,៩០៥ តោន ដោយមួយកញ្ចប់ៗ មានទម្ងន់ ១គីឡូក្រាម។
យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា យោធាហ្គាតេម៉ាឡា បានរឹបអូស កូកាអ៊ីនចំនួន១១តោនហើយនៅឆ្នាំ២០២៤ ដែលជាការកើនឡើងយ៉ាងខ្លាំង ពីចំនួនបីតោន ដែលរឹបអូស ក្នុងឆ្នាំ២០២៣។ សហរដ្ឋអាមេរិកធ្លាប់បាននិយាយថា ប្រហែល ៩០ភាគរយនៃកូកាអ៊ីន ដែលចូលក្នុងដីសហរដ្ឋអាមេរិក គឺតាម ប្រទេសស្ថិតនៅតំបន់អាមេរិកកណ្តាលមួយនេះ ព្រមទាំង ប្រទេស ម៉ិកស៊ិក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត