សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យគ្រប់គ្នាស្ងាត់ស្ងៀម ករណីកោះគុត ទុក​ឱ្យ​រដ្ឋា​ភិ​បាលកម្ពុជា និងថៃ ជាអ្នកដោះស្រាយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កោះគុត ស្ថិតនៅតំបន់​ត្រួត​ស៊ីគ្នា​រវាងកម្ពុជា និងថៃ ដោយសម្តេចធ្លាប់ពិភាក្សាជាមួយសមភាគីថៃ តាំងពីជំនាន់លោកនាយករដ្ឋមន្ត្រី Chatichai Choonhavan លើអាជីវកម្ម​ខួងយកប្រេង។ សម្តេចបានលើកឡើងថា តាំងពីមានអនុស្សារណៈ​នៃការ​យោគយល់គ្នាមួយ (MOU) នាឆ្នាំ២០០១ ភាគីទាំងពីរមិនទាន់បាន​ជជែក​គ្នាចប់សព្វគ្រប់ឡើយ ។ ជាមួយនេះ សម្តេចតេជោ បានស្នើឱ្យគ្រប់គ្នាស្ងាត់​ស្ងៀម ដោយទុកឱ្យរដ្ឋាភិបាលកម្ពុជា និងថៃ ជាអ្នកដោះស្រាយ ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់​ខ្ពស់​បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះម​ហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាត​មន្ត្រី​សង្ឃទូទាំងបរទេស លើកទី៣២ នៅវិទ្យាស្ថានគរុកោសល្យ និងវិក្រឹត្យការ រាជ​ធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ។

សម្ដេចប្រធានព្រឹទ្ធសភា បានអះអាងថា វាមិនទាន់ដល់ពេលនោះឡើយ ដែល​លើកយកករណី «កោះគុត» ដែលស្ថិតនៅតំបន់ត្រួតស៊ីគ្នា រវាងភូមិសាស្ត្រ​ខេត្ត​កោះកុង និងខេត្តត្រាត របស់ថៃ ទៅកាន់តុលាការអន្តរជាតិ ទៅតាមការញុះ​ញង់​របស់ចលនាប្រឆាំងជ្រុលនិយម ។ សម្ដេច ថា កម្ពុជា ត្រូវរក្សាទំនាក់ទំនង​ល្អ​ជាមួយប្រទេសជាតិខាង ខណៈយន្តការចរចាទ្វេភាគីកំពុងដំណើរការ ។

សម្តេចតេជោ បន្តថា ជាដំបៅមិនឈឺ យកឈើចាក់ ។ សម្តេច ក៏បានសម្ដែង​ក្ដីព្រួយបារម្ភពីការផ្ទុះអាវុធដែលអាចកើតមានឡើងរវាងកម្ពុជា-ថៃ ដោយសា​រតែញុះញង់ឱ្យមានចលនាបាតុកម្មទូទាំងប្រទេស ។ តែយ៉ាងណា សម្ដេចតេ​ជោ ហ៊ុន សែន បញ្ជាក់ថា នៅតំបន់កោះគុតនេះ គ្មានការចាំបាច់ ក្នុងការ​ចល័តកងទ័ពនោះទេ ។

សម្តេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រី មានបទពិសោធ​ជោគជាំលើការដឹកនាំប្រទេស បានស្នើឱ្យគ្រប់គ្នា ទុកចិត្តលើរដ្ឋាភិបាល ដោយប្រើលទ្ធភាពចរចាជាមួយប្រទេសជិតខាង ជៀសវាងការមើលមុខគ្នា​មិនចំ និងថា មិនទាន់ដល់ពេលនោះឡើយ ដែលយកបញ្ហានេះ ទៅកាន់តុលា​ការអន្តរជាតិ ព្រោះគ្រប់យ៉ាង អាចនៅចរចាគ្នាបាន រវាងរដ្ឋាភិបាលទាំងពីរ កម្ពុជា-ថៃ ។ សម្តេចថា រឿងនេះ បើពលរដ្ឋនៅមិនស្ងៀមទេ អាចនឹងមានបញ្ហាដល់ផ្ទៃក្នុង ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner