នាយករដ្ឋមន្ដ្រី អះអាងលើបញ្ហាកោះគុតថា ពុំមានការបាត់បង់ទៅភាគីណាមួយទេ ព្រោះកម្ពុជា-ថៃ ពុំទាន់បានចរចាឯកភាពគ្នានៅឡើយ
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានអះអាងលើបញ្ហាកោះគុតថា ពុំមានការបាត់បង់ទៅភាគីណាមួយទេ ព្រោះកម្ពុជា-ថៃ ពុំទាន់បានចរចាឯកភាពគ្នានៅឡើយ ។ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានប្រកាសធានាថា នឹងការពារឱ្យបាននូវអធិបតេយ្យភាពរបស់ជាតិ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់សរុប ៨៣៣៩នាក់ ( ស្រី ៤ ៤០១ នាក់) ក្នុងនោះ ព្រះសង្ឃចំនួន ២៧ អង្គ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសនេះ ផ្ញើសារជូនបងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងករណីកោះគុត នៅខេត្តកោះកុង ដែលក្រុមជ្រុលនិយមចោទប្រកាន់ថា រាជរដ្ឋាភិបាលស្ងាត់នោះ គឺទី១-រាជរដ្ឋាភិបាល មានភាពចាស់ទុំខាងនយោបាយ, ទី២-រាជរដ្ឋាភិបាល មានការទទួលខុសត្រូវចំពោះប្រជាជន លើបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
សម្ដេចធិបតី បន្តថា ភាពចាស់ទុំ គឺមិនយកភ្លើងចូលផ្ទះ ខណៈរឿងព្រំដែនកម្ពុជា-ថៃ បានធ្វើតាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ន មិនទាន់បញ្ចប់នៅឡើយ។ ប៉ុន្ដែរឿងនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច បានទាញយកមក ដើម្បីតែផលប្រយោជន៍នយោបាយ ។ សម្ដេច បញ្ជាក់ថា ក្រុមជ្រុលនិយមនៅក្រៅស្រុក ខិតខំយករឿងព្រំដែនមកនិយាយ ដូចជារឿងកោះគុតជាដើម មកបន្តបំភ្លៃព័ត៌មាន គឺដើម្បីឈានទៅបង្កើតចលានាផ្ដួលរំលំរាជរដ្ឋាភិបាលរបស់ពួកគេ។
សម្ដេចនាយករដ្ឋមន្រ្ដី បានចោទជាសំនួរថា ក្រុមប្រឆាំងនៅថៃ បានចោទទៅរាជរដ្ឋាភិបាលថៃ ថា បានធ្វើឱ្យបាត់កោះគុត មកកម្ពុជា ចំណែកក្រុមជ្រុលនិយមនៅក្រៅស្រុក បានចោទកម្ពុជាថា ធ្វើឱ្យបាត់កោះគុត ទៅថៃ ដូច្នេះតើកោះនេះបាត់ទៅណា ឬបាត់ទៅជនទីបី ឬលិចចូលទៅក្នុងសមុទ្រ? ខណៈព្រំដែនសមុទ្រកម្ពុជា-ថៃ មិនទាន់បានបោះបង្គោលឯកភាពគ្នាចប់សព្វគ្រប់នៅឡើយ ។
ទន្ទឹមនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់សារជាថ្មីថា រដ្ឋាភិបាល ប្ដេជ្ញាការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់មួយមិល្លីម៉ែត្រនោះឡើយ។ សម្ដេច ថា ការដោះស្រាយបញ្ហាព្រំដែន គឺយើងប្រកាន់ជំហរដោះស្រាយដោយសន្តិវិធី ដោះស្រាយតាមយន្តការដែលមានតាមច្បាប់ និងបច្ចេកទេសអន្តរជាតិ ។
សម្ដេច បានបន្ថែមថា ការស្នើឱ្យរដ្ឋាភិបាល បញ្ចេញឯកសារ និងយុទ្ធវិធីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ជាការស្នើដែលមានភាពល្ងង់ខ្លៅបំផុត។ សម្ដេចធិបតី ថា ចង់ដឹងពីវិធីសាស្ត្រដោះស្រាយបញ្ហាព្រំដែន សូមរង់ចាំមើលលទ្ធផល ។ សម្ដេច បញ្ជាក់ថា រដ្ឋាភិបាល នឹងប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនឱ្យបានប្រយោជន៍ជាអតិបរមាដល់កម្ពុជា ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ