ប្រធានរដ្ឋសភាវៀតណាមនឹងអញ្ជើញបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ជិន ថាញ់មិន( Tran Thanh Man )ប្រធាន រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា។តាមកម្មវិធីដែលបានរៀបចំឯកឧត្តមប្រធានរដ្ឋសភានឹងអញ្ជើញមកដល់កម្ពុជានៅរសៀលថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៤នេះ ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការសភា នៃប្រទេសទាំងពីរឱ្យកាន់តែមាន ភាពរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទាំងក្នុងក្របខ័ណ្ឌ ទ្វេភាគី និងពហុភាគី ស្របតាមស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយតម្កល់ផលប្រយោជន៍ប្រជា ជន និងប្រទេសជាតិទាំងពីរជាស្នូល។

ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម ជិន ថាញ់មិន និងគណៈប្រតិភូ នឹងមានជំនួបទ្វេភាគី ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃកម្ពុជា។ បន្ទាប់មក ឯកឧត្តម ប្រធានរដ្ឋសភាវៀតណាម និងសម្តេចរដ្ឋសភាធិបតី រួម ជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជា-វៀតណាម មួយចំនួនទៀត នឹងអញ្ជើញ ជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់រដ្ឋសភាកម្ពុជា។

លើសពីនេះ ឯកឧត្តម ជិន ថាញ់មិន និងគណៈប្រតិភូ គ្រោងនឹងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា, ជំនួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃកម្ពុជា, ជំនួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គណៈប្រតិភូសភាវៀតណាម ក៏គ្រោងចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជំនួបសម្តែងការគួរសម ជាមួយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-វៀតណាម និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។

ក្នុងឱកាសនោះ ឯកឧត្តម ជិន ថាញ់មិន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) និងថ្លែងសុន្ទរកថា ក្នុងពិធីបើកសម័យប្រជុំពេញ អង្គនៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផងដែរ ៕
ដោយ៖វណ្ណលុក,ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner