ផ្លូវក្រាលល្បាយក្រួស១៦ខ្សែនៅខេត្តកំពតប្រវែងជាង១០០គីឡូម៉ែត្រ ត្រូវបានប្រកាសទទួលយកដោយគណៈប្រតិភូអន្តរក្រសួង
កំពត៖ផ្លូវល្បាយក្រួសចំនួន១៦ខ្សែ ប្រវែងជាង១០០គីឡូម៉ែត្រ(១០៧ ៨០០ម៉ែត្រ) មានទទឹងខ្នងលើពី ៤ម៉ែត្រ, ៤,៥ម៉ែត្រ, ៥ម៉ែត្រ និង៧ម៉ែត្រ ស្ថិតនៅក្នុងស្រុកចំនួន៦នៃខេត្តកំពតដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតត្រូវបានគណៈប្រតិភូអន្តរក្រសួងនៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសទទួលយក។
ផ្លូវក្រាលក្រួសទាំង១៦ខ្សែនេះស្ថិតក្នុងផែនការការងារថែទាំជាប្រចាំដោយស្ថិត ឃុំបឹងនិមល ឃុំមានរិទ្ធ ឃុំព្រៃខ្នង ឃុំថ្មី ឃុំសំឡាញ ឃុំចំប៉ី ឃុំល្អាង ឃុំកណ្តោល ឃុំត្រពាំងព្រីង ឃុំកូនសត្វ ឃុំខ្ចាយខាងជើង ឃុំល្បើក ឃុំឈូក ឃុំ ចម្ពូវ័ន្ត ឃុំដងទង់ ឃុំបន្ទាយមាសខាងកើត ឃុំបន្ទាយមាសខាងលិច ឃុំត្នោតចុងស្រង់ ឃុំ បឹងសាលាខាងជើង និងឃុំបឹងសាលាខាងត្បូង ក្នុងស្រុកឈូក ស្រុកដងទង់ ស្រុកអង្គរជ័យ ស្រុកទឹកឈូ ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច ខេត្តកំពត អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត។
លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានរាយការណ៍ជូនគណៈប្រតិភូអន្តរក្រសួងជ្រាបអំពីការងារថែទាំប្រចាំ ផ្លូវល្បាយក្រួសចំនួន ១៦ខ្សែ បានអនុវត្តដោយយកចិត្តទុកដាក់លើការងារថែមល្បាយក្រួសសម្រេចបាន ១០០ភាគរយ, ,កៀរផ្លូវល្បាយក្រួស សម្រេចបាន ១០០ភាគរយនិងការងារបំពេញដីតាមជើងទេរសម្រេចបាន ១០០ភាគរយ។
ការប្រកាសទទួលនេះក្នុងខណៈដែល ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម នៃក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំគណៈប្រតិភូអន្តរក្រសួង នៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះត្រួតពិនិត្យនិងវាយតម្លៃកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤៕
ដោយ៖ សិលា សារិន