មន្ត្រីជាន់ខ្ពស់សុខាភិបាលប្រាប់ថា ជំងឺទឹកនោមផ្អែម កំពុងប្រឈម​ខ្ពស់ជាងគេក្នុងចំណោមជំងឺមិនឆ្លង

កំពត៖រដ្ឋលេខាធិការក្រសួងសុខាភិបាលឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង បានមានប្រសាសន៍ថា តាមរបាយការណ៍របស់អង្គការសុខ​ភាពពិភព​បានបញ្ជាក់ថា មានជំងឺមិនឆ្លងដែលកំពុងប្រឈមខ្ពស់ជាងគេចំនួន៤ ក្នុងនោះមាន ទី១.ជំងឺទឹកនោមផ្អែម, ទី២.ជំងឺ​បេះដូង និងសរសៃ​ឈាម, ទី៣.ជំងឺមហារីក និងទី៤.គឺជំងឺត្បៀតទងសួតរាំរ៉ៃ។ ឯកឧត្តម​វេជ្ជបណ្ឌិតក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុក​ដាក់លើ​បញ្ហា​សុខភាព ពិសេសជំងឺទឹកនោមផ្អែម។

ថ្លែងក្នុងទិវាជំងឺទឹកនោមផ្អែមពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ “ជម្នះឧបសគ្គ ដោះស្រាយបញ្ហាទឹកនោមផ្អែម និងសុខមាលភាព” កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នៅខេត្តកំពត ឯកឧត្តម​វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួង​សុខាភិបាលលើកឡើងថា បច្ចុប្បន្នតាមរបាយការណ៍របស់អង្គការសុខភាពពិភពបានឱ្យដឹងថា មានជំងឺមិនឆ្លងដែលកំពុងប្រឈម​ខ្ពស់​ជាងគេចំនួន៤ ក្នុងនោះមាន ទី១.ជំងឺទឹកនោមផ្អែម, ទី២.ជំងឺបេះដូង និងសរសៃឈាម, ទី៣.​ជំងឺមហារីក និងទី៤.គឺជំងឺត្បៀត​ទងសួតរាំរ៉ៃ។ ឯកឧត្តមរដ្ឋលេខាធិការ​បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានវ័យប្រឈមនឹងជំងឺទឹកនោមផ្អែមគឺចាប់៤០ឆ្នាំឡើង ទៅធ្វើតេស្តជាតិស្ករនៅតាមមណ្ឌលសុខភាព​ដែលនៅជិត និងតាមដានរាល់រោគសញ្ញារបស់ជំងឺទឹកនោមផ្អែម និងធ្វើតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីទប់ស្កាត់ការកើត​ជំងឺទឹកនោមផ្អែម។

ចំណែកលោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរ​សុខាភិបាល​ខេត្តកំពតបានបញ្ជាក់ថា ១០ខែឆ្នាំ២០២៤នេះ ពលរដ្ឋ​ដែល​មកមកពិគ្រោះ និងព្យាបាលជំងឺទឹកនោមផ្អែម ចំនួន ៤ ២៧៥ នាក់ (ស្រី ២,៩៣៧នាក់)។  មន្ទីរបានធ្វើការ​បណ្តុះបណ្តាល​ស្តីពី​សំណុំសកម្មភាពជាសារវន្តនៃជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម)ដល់មន្ត្រីមណ្ឌលសុខភាព​ទាំង៦៦​មណ្ឌល និងបន្តធ្វើការបណ្តុះបណ្តាលដល់ក្រុមទ្រទ្រង់សុខភាពភូមិទាំង ៤៩១ភូមិរួចរាល់ផងដែរ។បច្ចុប្បន្នសេវាពិនិត្យ និងព្យាបាល​ជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម មាននៅគ្រប់​មណ្ឌល​សុខភាព និងមន្ទីរពេទ្យបង្អែកទាំងអស់នៅទូទាំងខេត្តកំពត។

បន្ថែមកិច្ចការសុខភាពនេះដែរលោក ខៀវ រិទ្ធិភ័ណ អភិបាលរងខេត្ត បញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្ត​ទុកដាក់ចំពោះ​បញ្ហាប្រឈម​សុខភាពសាធារណៈ ជាពិសេសការកើនឡើងនៃ​ជំងឺមិនឆ្លង។ កម្ពុជាមានវិធានការ​បង្ការទប់ស្កាត់ ក្នុងគោលដៅជួយ​លើកកម្ពស់សុខភាពពលរដ្ឋឱ្យកាន់តែប្រសើរ ដើម្បីការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ គ្រួសារ និងការសម្រេចនូវគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព៕
អត្ថបទនិងរូបភាព៖សិលា សារិន

ads banner