សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបសម្ដែង​ការគួរ​សម ជាមួយគណៈប្រតិភូ ICAPP

(ភ្នំពេញ)៖ មុនពិធីបើកមហាសន្និបាតអន្តរជាតិ បណ្ដាគណបក្សនយោបាយ​នៅអាស៊ី លើទី១២-12th General Assembly of ICAPP (International Conference of Asian Political Parties ) នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានមហាសន្និបាត ICAPP លើកទី១២ បានទទួលជួបសម្ដែងការគួរសមជាមួយបណ្ដាគណៈប្រតិភូ ICAPP ដែលបានអញ្ជើញមកចូលរួម ក្នុងមហាសន្និបាត ICAPP លើកទី១២ នៅព្រះរាជាណាចក្រកម្ពុជា ដែលជំនួបនេះ ត្រូវបានធ្វើឡើងនៅ វិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

ជំនួបសម្តែងការគួរសមនេះ គណៈអចិន្ត្រៃយ៍ ICAPP មាន ២៦ រូប មកពី ២២ ប្រទេស ដឹកនាំដោយ ឯកឧត្តម  Chong Eui-yong ប្រធានគណៈ​អចិន្ត្រៃយ៍ ICAPP ចូលជួបសម្តែងការគួរសម ជាមួយ សម្តេចតេជោ និង​សម្តេចធិបតី រួមជាមួយអនុប្រធានគណបក្ស និងសមាជិកគណៈអចិន្ត្រៃយ៍។

សម្តេចតេជោ ស្វាគមន៍ គណៈប្រតិភូ ICAPP ដឹកនាំដោយ ឯកឧត្តម Ching Eui-yong ប្រធានគណៈអចិន្ត្រៃយ៍ ICAPP និងលើកឡើងដោយសង្ខេប ពីការវិវត្តនៃស្ថានភាពនយោបាយនិងសេដ្ឋកិច្ច កម្ពុជា ក្នុងរយៈពេល ៤៥ឆ្នាំ​ចុងក្រោយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយបានប្រែ​ក្លាយ​ពីប្រទេសអស្ថិរភាព និង មានសង្គ្រាម ស៊ីវិល ទៅជាប្រទេសដែល​មានសុខសន្តិភាព និង ស្ថិរភាព ពីប្រទេសរងការបំផ្លិចបំផ្លាញគ្រប់វិស័យ មកជាប្រទេសដែលមានការអភិវឌ្ឍគ្រប់វិស័យនាពេលបច្ចុប្បន្ន ។

ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ជាង៧% អស់រយៈពេលជាង២ទសវត្ស រាជរដ្ឋាភិបាល បានកំណត់យកឆ្នាំ២០២៧ ជាឆ្នាំនៃការចាកចេញ ពីលក្ខន្តិកៈ​ប្រទេសអភិវឌ្ឍន៍តិចតួច និងក្លាយជាប្រទេសចំណូលមធ្យម ក៏ប៉ុន្តែ ដោយសារ​ជំងឺកូវីដ ការចាកចេញនេះ ត្រូវបានពន្យាទៅឆ្នាំ២០២៩។

ជាមួយគ្នានេះដែរ តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល​ដឹកនាំ​ដោ​យ សម្តេចធិបតី នាយករដ្ឋមន្ត្រី សម្តេចតេជោ មានសុទិដ្ឋិនិយមថា កម្ពុជា នឹង​សម្រេចចក្ខុវិស័យជាប្រទេស ចំណូមមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ដោយធ្លាក់ក្នុងអន្ទាក់ នៃប្រទេសចំណូល​មធ្យម ។

ថ្នាក់ដឹកនាំ ICAPP បានវាយតម្លៃខ្ពស់ពីការអភិវឌ្ឍដ៏ឆាប់រហ័ស គ្រប់វិស័យ​របស់​កម្ពុជា ជាពិសេស ជាប្រទេសដែលងើបពីសង្រ្គាមហែកហួរ និងបែកបាក់ និងកោតសរសើរពីការដឹកនាំរបស់ សម្តេចតេជោ ដែលនាំប្រទេសទៅកាន់​សន្តិ​ភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍ និងកោតសរសើរពីសមត្ថភា​ព​ដឹកនាំរបស់ សម្តេចធិបតី ក្នុងការបន្តវេនពីថ្នាក់ដឹកនាំជំនាន់មុន។ ថ្នាក់ដឹកនាំ​បានរំលឹកឡើងពីការរីកចម្រើននៃអង្គការ ICAPP ក្លាយជាក្រុមគណបក្សដែល​ធំជាងគេនៅអាស៊ី ។ ថ្នាក់ដឹកនាំ បានវាយតម្លៃខ្ពស់ពីការចូលរួមរបស់​គណ​បក្ស ទាំងអស់ ធ្វើឲ្យ ICAPP ក្លាយជាស្ថាប័នដ៏មានឥទ្ធិពលមួយ។

ថ្នាក់ដឹកនាំបានរំលឹកពីភាពជោគជ័យនៃមហាសន្និបាត ICAPP លើកទី៦ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០១០។ ប្រធាន និងសហប្រធាន គណៈអចិន្រ្តៃយ៍ ICAPP បានជូនពរ ឲ្យគណបក្សប្រជាជនកម្ពុជា (CPP) ទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះលើកទី២ នៃមហាសន្និបាតជាប្រវត្តិសាស្រ្តនេះ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner