ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន​បន្តពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ

(ខេត្តប៉ៃលិន )៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីនគរបាលអន្តោប្រវេសន៍​ប្រចាំប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ខេត្តប៉ៃលិន នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលខេត្តប៉ៃលិន និងបណ្ដា​រដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃផ្សេងទៀត យកចិត្តទុកដាក់​ពង្រឹង​កិច្ចសហការជាមួយអាជ្ញាធរខេត្តថៃជាប់ព្រំដែនប្រទេសកម្ពុជាឱ្យបានល្អ ដើម្បីថែរក្សាបរិយាកាសមិត្តភាព ផលប្រយោជន៍ជាតិ និងប្រជាជន​ទាំងសងខាង។

ឯកឧត្តមអភិសន្តិបណ្ឌិត បន្តថា ក្រុមប្រឆាំងជ្រុលនិយមខ្មែរនៅក្រៅ​ប្រទេស​មួយក្ដាប់តូច និងក្រុមប្រឆាំងជ្រុលនិយមថៃខ្លះ បានព្យាយាមយកកិច្ចការ​ព្រំដែន​ដែលរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរបាន និងកំពុងរួមគ្នាដោះ​ស្រាយដោយសន្តិវិធី ទៅធ្វើជាឈ្នាន់នយោបាយថ្មីមួយទៀត ដើម្បីបញ្ឆេះ​ឱ្យមានការប្រឈមមុខដាក់គ្នារវាងជាតិ និងប្រជាជនប្រទេសទាំងពីរ និងក៏ដើម្បីសម្រេចមហិច្ឆតាដណ្ដើមអំណាច តាមវិធីសាស្រ្តផ្សព្វផ្សាយ អត្ថាធិប្បាយចោទប្រកាន់ និងបំផុសបំផុលនូវព័ត៌មានមិនពិត ទាំងលើបណ្ដាញសង្គម និងទាំងតាមប្រព័ន្ធផ្សព្វផ្សាយគ្មានវិជ្ជាជីវៈ។

គួរកត់សម្គាល់ថា ដើម្បីជម្រះមន្ទិលពាក់ព័ន្ធការផ្សព្វផ្សាយបំពុល​របស់ក្រុម​ប្រឆាំងជ្រុលនិយម នាព្រឹកថ្ងៃដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានបញ្ជាក់ អំពីគោល​ជំហរ នៃការខិតខំចរចាដោះស្រាយបញ្ហាព្រំដែនគោក និងទឹកដោយសន្តិវិធី រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីធានារក្សាបាននូវមិត្តភាព និង​កិច្ចសហប្រតិបត្តិការដែលនាំមកនូវផលប្រយោជន៍ដល់ជាតិ និងប្រជា​ជន​ទាំងសងខាង។

ក្រៅពីការណែនាំឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនថៃខិតខំថែរក្សាបរិយាកាសមិត្តភាព និងសហប្រតិបត្តិការល្អជាមួយគ្នា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍អំពីបច្ចុប្បន្នភាព​នៃការងារវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាដែលបាន និងកំពុងប្រព្រឹត្ត​ទៅ​ប្រកបដោយជោគជ័យ សន្ទុះនៃការរីកចម្រើន នៃខេត្តប៉ៃលិនដែលតម្រូវ​ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធបំពេញតួនាទី និងភារកិច្ចប្រកបដោយ​ប្រសិទ្ធ​ភាព​ដើម្បីឆ្លើយតបនឹងភាពជាក់ស្ដែង ការបន្តថែរក្សាការពារសន្តិសុខ សណ្ដាប់​ធ្នាប់សាធារណៈ និងការពង្រឹងការអនុវត្តច្បាប់នៅតាមបណ្ដា​ច្រកទ្វារព្រំដែន​ជាដើម ។

សូមបញ្ជាក់ថា ក្រៅពីអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងកងម្លាំងចំណុះរដ្ឋបាលខេត្តប៉ៃលិន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានចូលពិនិត្យកន្លែងបំពេញការងាររបស់មន្រ្តីពាក់ព័ន្ធ និងបាន​អញ្ជើញពិនិត្យទីតាំងសាងសង់ស្ពានមិត្តភាពកម្ពុជា-ថៃ ដែលនៅទីនោះ មាន​ការអញ្ជើញចូលរួម និងទទួលស្វាគមន៍យ៉ាងរាក់ទាក់បំផុតពី ឯកឧត្តម អនុធីន ឆានវីរៈគូន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃ។ ប្រមុខក្រសួង​មហា​ផ្ទៃកម្ពុជា-ថៃ និងមន្រ្តីជាន់ខ្ពស់ប្រទេសទាំងពីរ ក៏បានអញ្ជើញពិសារ​អាហារ​សាមគ្គីនៅក្នុងខេត្តច័ន្ទបុរីក្នុងបរិយាកាសប្រកបដោយមិត្តភាពផងដែរ៕

ដោយ / គ្រី សម្បត្តិ

ads banner